មេបញ្ជាការកងទ័ពជើងគោកបញ្ជូនកម្លាំងចូលប្រតិបត្តិការបិទខ្ទប់នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

អត្ថបទដោយ៖
ធី ដា

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រាដែលខេត្តត្រូវធ្វើការបិទខ្ទប់ រយៈពេល១៤ថ្ងៃចាប់ពីម៉ោងសូន្យថ្ងៃទី២៣មេសា ឆ្នាំ២០២១តទៅ។ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា កម្លាំងរបស់កងទ័ពជើងគោកដែលត្រូវចូលរួម រួមមាន កម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុ និងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣។

សូមបញ្ជាក់ជូនថា អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់( Lockdown) ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ថ្ងៃ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធិភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តបិទខ្ទប់ និងមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត។

នៅក្នុងការអនុវត្តវិធានការបិទខ្ទប់ គណៈបញ្ជាការខេត្តត្រូវបានប្រើប្រាស់កម្លំាង រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ មូលដ្ឋានសមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងកងពលតូថ្មើរជើងលេខ៣១ នៃយោធភូមិភាគទី៣ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុក និងសម្របសម្រួលលើការងារចាំបាច់រួមមាន ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ ការងារទាក់ទង និងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជាដើម និងការងារផ្តល់សេវាសុខាភិបាលទូទៅ ក្នុងភូមិសាស្រ្តដែលបានបិទខ្ទប់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner