នាយឧត្តមសេនីយ៍ នេត សាវឿន៖ ការជួយឧបត្ថម្ភគាំទ្ររបស់សម្តេច ក្រឡាហោម ដល់កងកម្លាំងនគរបាលជាតិ គឺជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការចាំបាច់
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ការជួយឧបត្ថម្ភគាំទ្ររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់កងកម្លាំងនគរបាលជាតិ គឺជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការចាំបាច់ និងបានឆ្លុះ បញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ប្រកបដោយសន្តានចិត្តអាណិតស្រលាញ់របស់ សម្តេច ដែលតែងតែគិតគូរ ដល់សុខទុក្ខរបស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមលិខិតរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សារឿន ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា កាយវិការ ដ៏ឧត្តុង្គឧត្តមនេះ បានក្លាយជាប្រភពលើកទឹកចិត្ត និងជាថាមពលជម្រុញឲ្យស្មារតីរបស់កងកម្លាំងនគរបាលជាតិ កាន់តែមុតស្រួចក្នុងការបំពេញកាតព្វកិច្ច ដើម្បីបុព្វហេតុ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសបេសកកម្មអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនលោកផ្ទាល់មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជួយឧបត្ថម្ភនូវថវិកាចំនួន ៣៤៨ .៣២០.០០០រៀល បន្ថែមលើគោលរបបដែល បានផ្តល់ជូននាពេលកន្លងមក ជូនដល់កងកម្លាំងនគរបាលជាតិចំនួន ១.២៤៤នាក់ កំពុងបំពេញបេសកកម្មតាម គោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកា ជាង ៣០០លានរៀល ជូនកងកម្លាំងនគរបាលជាតិ ជាង ១២០០នាក់ កំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ នេះបើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការជាតិកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូននាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន ថា ” ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្ដរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ។ សូមឯកឧត្តមនាយឧត្ដមសេនីយ៍ ចាត់ចែងបែងចែកថវិកានេះជូនដល់បងប្អូនកងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០០០រៀល ” ៕ដោយៈ ឫទ្ធិស័ក្តិ