ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ កាលពីពីរថ្ងៃមុន !

ខេត្តព្រះវិហារ៖ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង ដែលជាតំណាង លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារដែលជាមន្ត្រីក្រោមឱវាទ នាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅពីរថ្ងៃមុននេះ។ ពិធីចែកអំណោយនោះ បានធ្វើឡើងកាលពីថ្ងៃទី២២មេសាឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំច្រាច់ និងឃុំធ្មា នៃស្រុកជ័យសែន ។

  លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះ ៤ខ្នង មានចំនួន ៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួនផងដែរ។ ស្របពេលជាមួយគ្នានោះ អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានជួយឧត្ថម្ភថវិកាបន្ថែម ដោយក្នុងមួយគ្រួសារៗ ទទួលបាន ១០ម៉ឺនរៀល ថែមទៀតផង ។

   លោកស្រី អនុប្រធានអចិន្ត្រៃយ៍ បានមានប្រសាសន៍ទៀតថា គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ផ្ទះទាំង ៤ខ្នងនេះ បានរងគ្រោះកាលពីថ្ងៃទី២១មេសា កន្លងមកនេះ ដោយខ្យល់បានរុញច្រានផ្ទះឲ្យទ្រេត និងការរបើកដំបូល ប៉ុន្តែ មិនបានបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ លោកស្រីថា ដោយមលើឃើញ ពីការខ្វះខាត និងជាតម្រូវការចាំបាច់ក្នុងគ្រួសារនេះហើយ ទើបថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត ជាពិសេស កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។

  លោកស្រី ចឹក ហេង មានប្រសាសន៍ទៀតថា ក្នុងនាមថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមខេត្ត គ្រប់លំដាប់ថ្នាក់ សូមចូលរួមសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងនាពេលនេះ ដែលបានបង្ករឡើងដោយគ្រោះធម្មជាតិ ដែលជារឿងមួយនឹកស្មានមិនដល់។ លោកស្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ប្រសិនបើមានផ្គរ រន្ទះ ភ្លៀងធ្លាក់ ឬមានខ្យល់បោកបក់មកខ្លាំង ត្រូវបិទវិទ្យុ ទូរទស្សន៍ ឬទូរស័ព្ទ ហើយត្រូវរកកន្លែងណាដែលមានសុវត្ថិភាព សូមកុំនៅកន្លែងណា ដែលងាយនឹងបង្ករឲ្យមានគ្រោះថ្នាក់ឲ្យសោះ។ ក្រៅពីនោះ ក៏ត្រូវថែរក្សាសុខភាព និងមានអនាម័យស្អាតល្អជានិច្ច ក្នុងការរស់នៅ ហើយត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឲ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ទាំងអស់គ្នា និងដើម្បីសហគមន៍យើង គ្មានកូវីដ ១៩ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner