“ឆ្នាំងមិនក្តៅ មកក្តៅឯគ្រប”

ដោយៈជម្ពូនុទ

ភ្នំពេញៈ កន្លងទៅថ្មីៗនេះក្រោមឈ្មោះដែលហៅថា គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងអង្គការអ្នកកាសែតគ្មានព្រំដែន (Reporter without border) បាននិយាយនិងធ្វើការតម្លៃទៅលើវិធានការរបស់រាជរដ្ឋាភិបាលអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ថា បានធ្វើឱ្យរិតត្បិតទៅលើវិស័យសារព័ត៌មាន លំហូរនៃការទទួលព័ត៌មាន និងសេរីភាពបញ្ចេញមតិ។

ការលើកឡើងនេះមើលដំបូងហាក់ដូចជាសមទំនង ព្រោះថា វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល បាននិយាយដល់ការធ្វើដំណើរ និងសកម្មភាពផ្សេងៗដែលល្មើសទៅនឹងវិធានសុខាភិបាលជាដើម។ រឹតតែធ្ងន់ជាងនេះ នៅតំបន់ដែលកំណត់ថា តំបន់ក្រហមនោះ ការរឹតបន្តឹងមានលក្ខណៈកាន់តែម៉ឺងម៉ាត់ទាំងសម្រាប់ប្រជាជនរស់នៅក្នុងតំបន់ក្រហម ក៏ដូចជាអ្នកដែលត្រូវឆ្លងកាត់ទីនោះ។

ប៉ុន្តែនៅពេលពិនិត្យឱ្យស៊ីជម្រៅបន្តិចនឹងឃើញថា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងពីការពិតនៃភាពជាក់ស្តែងនៅកម្ពុជាឡើយ។ តែវាមានរបៀបវារៈនយោបាយច្រើនជាង។ ច្បាស់ជាងនេះទៀត គឺពួកគេកំពុងធ្វើសម្រេចចិត្តជំនួសអ្នកកាសែតកម្ពុជា ដែលជាម្ចាស់ប្រទេសទៅវិញ។

នៅកម្ពុជានាដើមឆ្នាំ២០២០បន្ទាប់ពីការរកឃើញវិជ្ជមានកូវីដ១៩ លើបុរសជនជាតិម្នាក់នៅក្រុងព្រះសីហនុ បានក្លាយជាសញ្ញាដាស់អង្រួនថា ជំងឺរាតត្បាតដ៏កាចសាហាវបានឈានចូលមកកម្ពុជាហើយ ហើយដែលពុំអាចធ្វេសប្រហែសឡើយ។ បន្តមកព្រឹត្តិការណ៍សហគមន៍ថ្ងៃ៣វិច្ឆិកា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងចុងក្រោយគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានស្ថានភាពធ្ងន់ជាងព្រឹត្តិការណ៍មុនៗ ព្រោះចាប់ពីព្រឹត្តិការណ៍នេះដែលមានកម្រិតឆ្លងលឿន និងទំហំធំធេង។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យកម្ពុជាចាប់ផ្តើមមានមនុស្សស្លាប់និងកម្រិតឆ្លងថ្មីក្នុងចំនួនរាប់រយនាក់ក្នុងមួយថ្ងៃ និងមានមនុស្សស្លាប់ស្ទើររាល់ថ្ងៃដែរ។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃ២៣ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៨.៨៤៨នាក់, អ្នកជាសះស្បើយ ៣.១៤៨ នាក់, អ្នកកំពុងព្យាបាល ៥.៦៣៣នាក់ និងអ្នកស្លាប់ ៦១នាក់។ ដោយសារតែស្ថានភាពកាន់តែមិនអាចបន្ធូរដៃឬខ្វះការប្រុងប្រយ័ត្នបង្ការជាមុន ទើបជំរុញឲ្យរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់ក្នុងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តទូទាំងប្រទេស។ ទន្ទឹមនេះរដ្ឋបាលរាជធានី ខេត្ត ក៏បានដាក់ចេញនូវវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្តរបស់ខ្លួននិងការកំណត់តំបន់”ក្រហម”ជាដើម។ បណ្តាវិធានការទាំងឡាយនេះ គឺផ្អែកទៅតាមច្បាប់ អនុក្រឹត្យ វិធានសុខាភិបាលពិសេសគឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការគិតគូរដល់សុខភាពជាសាធារណៈ ពិសេសគឺការពារសុខភាព និងអាយុជីវិតប្រជាជនគឺជាដើមចមចម្បង។ ចំណាត់ការ និងបណ្តាវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ បានទទួលការស្ញើចសរសើរដោយផ្ទាល់ និងជាផ្លូវការជាបន្តបន្ទាប់ពីប្រមុខអង្គការសុខភាពពិភពលោក(WHO) ក៏ដូចជាប្រមុខអង្គការសុខភាពប្រចាំតំបន់។

ក្រឡេកមើលវិស័យសារព័ត៌មានពិសេសអ្នកសារព័ត៌មានកម្ពុជាទាំងផ្នែកបោះពុម្ព ទាំងផ្នែកអនឡញ ទាំងផ្នែកសោតទស្សន៍។ល។ សុទ្ធបានទទួលស្គាល់នូវអ្វីដែលបានកើត, កំពុងកើត និងបន្តកើត ប្រសិនជាយើងមានការធ្វេសប្រហែស មិនខ្លាចរអា និងចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលទេ។ ហេតុអ្វី? ពីព្រោះអ្នកកាសែតទាំងអស់កំពុងតែរស់នៅលើទឹកដីកម្ពុជា ដែលកំពុងតែមានវត្តមានកូវីដ១៩ដ៏កាចសាហាវនេះ។ អ្នកកាសែតពិតប្រាកដសុទ្ធតែបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការផ្សព្វផ្សាយអំពីព័ត៌មានអំពីស្ថានភាពនៃជំងឺកូវីដ ក៏ដូចជាស្ថានភាពទូទៅនៅកម្ពុជាក្នុងអំឡុងនៃការរាតត្បាតដោយជំងឺ។ ពិសេសពីដំណោះស្រាយ ពីចំណាត់ការនានាក្នុងទប់ស្កាត់បង្ការជំងឺ និងការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ក្រហម តំបន់បិទខ្ទប់ ប្រជាជនទូទៅ បុគ្គលិក កម្មករ និយោជិត។ល។ ក្នុងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក៏បាននិយាយដល់អ្នកសារព័ត៌មានទាំងអស់ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងាររបស់ខ្លួនដោយពុំមានការហាមឃាត់ ដោយគ្រាន់តែតម្រូវឱ្យបំពេញតាមលក្ខខណ្ឌខ្លះ។ ទន្ទឹមនេះវិធានដែលបង្រួញមនុស្សបំពេញការងារផ្ទាល់ឱ្យមានចំនួនតិច និងបំពេញការងារពីចម្ងាយតាមអនឡាញ។

សកម្មភាពទាំងឡាយនេះសុទ្ធតែបានថតដោយអ្នកកាសែតទាំងអស់


ទោះជាមានការរឹតបន្តឹងតែចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១មក គេបានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានទាំងអស់ នៅតែបំពេញការងាររបស់ខ្លួនដោយរលូន និងមានសេរីភាពដដែល ដោយគ្រាន់តែនៅតំបន់ក្រហមមិនត្រូវបានអនុញ្ញាតតែប៉ុណ្ណោះ។ កំហិតនេះមិនមែនសម្រាប់អ្នកកាសែតដែរ គឺសម្រាប់ប្រជាជនទូទៅ។ អ្នកសារព័ត៌មានកម្ពុជាទាំងអស់សុទ្ធតែមានការយល់ដឹងពីបញ្ហានេះ ហើយបានគោរពតាមបំរាមដោយគ្មានការជំទាស់ព្រោះអ្នកកាសែតនៅកម្ពុជាទាំងអស់យល់ថា នេះជាបញ្ហាសុខភាពសាធារណៈ និងជាការការពារអាយុជីវិតរបស់គេ និងប្រជាជនកម្ពុជាក៏ដូចជាជនជាតិដទៃដែលកំពុងរស់នៅកម្ពុជា។ នៅកន្លែងធម្មតាក្នុងពេលអនុវត្តវិធានបិទខ្ទប់ គេបានសង្កេតឃើញវត្តមានអ្នកកាសែតកម្ពុជានៅតែធ្វើសកម្មភាពចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ពិសេសលើវិស័យអនឡាញនិងបណ្តាញទំនាក់ទំនងសង្គមនានាដែលកាន់តែសកម្មជាងមុនថែម។

ពិតណាស់! វិស័យសារព័ត៌មាននិងអ្នកបំពេញការងារលើវិស័យនេះ នៅកម្ពុជាបានប្រែប្រួល និងផ្លាស់ប្តូរឥរិយាបថរបស់គេជាបន្តបន្ទាប់ក្នុងរយៈពេប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងអ្នកកាសែតបែបប្រពៃណី។ នោះគឺចាប់ច្បាមយកការរីកចម្រើននៃវិស័យឌីជីថល ដែលជាការពិពិធកម្មការងាររបស់ពួកគេ។ ឥរិយាបថបំពេញការងារថ្មីនេះ គឺការធ្វើការពីចម្ងាយ និងព័ត៌មានទាំងឡាយ ត្រូវបានបង្វែទៅរកព័ត៌មានបែបអេឡិចត្រូនិក។

អាចនិយាយបានថាអ្នកសារព័ត៌មានកម្ពុជាភាគច្រើនលើសបានផ្សាំជាមួយបរិបទថ្មីរួចទៅហើយ។ អាចនិយាយដោយសង្ខេប គឺវិស័យឌីជីថលបាន បង្កើតភាពងាយស្រួលដល់អ្នកកាសែតអាជីពទាំងឡាយក្នុងស្វែងរក, ការទទួលបានព័ត៌មានពីប្រភពទាំងឡាយ និងការផ្សព្វផ្សាយបានរហ័សទាន់ចិត្តរួចទៅហើយ។ ដូចនេះក្នុងពេលអនុវិធានបិទខ្ទប់របស់រាជរដ្ឋាភិបាលរបស់អាជ្ញាធរដែនដី អ្នកសារព័ត៌មានទាំងអស់មិនមានអីចម្លែកសម្រាប់ការបំពេញការងាររបស់ខ្លួនឡើយព្រោះការធ្វើការពីចម្ងាយ ត្រូវបានអនុវត្តន៍តាំងពីមុនមានការរឹតបន្តឹងការធ្វើដំណើរមកម៉្លេះ។ អ្នកកាសែតកម្ពុជា ក្នុងប្រទេសទាំងអស់នៅតែអាចបំពេញការងារបានជាធម្មតា។

កាលពីថ្ងៃទី២២ខែមេសាកន្លងទៅនេះ ក្លិបអ្នកកាសែតកម្ពុជាបានចេញសេចក្តីអំពាវនាវមួយដល់អ្នកសារព័ត៌មានទាំងអស់ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈនិងចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ១៩។ នេះគឺដោយសារតែគេបានសង្កេតឃើញវត្តមានអ្នកសារព័ត៌មានជាច្រើនបំពេញការងារក្នុងកាលៈទេសៈបិទខ្ទប់ដែលអ្នកសារព័ត៌មានខ្លះ បានធ្វើសកម្មភាពរាយការណ៍ព័ត៌មានប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈជាអ្នកកាសែត និងខ្លះមិនប្រុងប្រយ័ត្នក្នុងការអនុវត្តវិធានសុខាភិបាលថែមទៀតផង។

ដូចនេះនិយាយត្រឡប់ទៅវិញ បញ្ជាក់ទៅអង្គការអន្តរជាតិដែលនិយាយថា សេរីភាពសារព័ត៌មាន លំហូរព័ត៌មានមានរាំងខ្ទប់នោះ អ្វីៗដែលកំពុងតែកើតឡើងអាចជាទឡ្ហីករណ៍បានបញ្ជាក់បាន។ សេចក្តីថ្លែងទាំងឡាយរបស់ពួកគេបានប្រាសចាកពីការពិត និងស្ថានភាពពិតរបស់អ្នកសារព័ត៌មាន វិស័យសារព័ត៌មាននៅកម្ពុជា។ ការលើកឡើងរបស់ពួកគេ ដើម្បីបំភ្លៃ និងមួលបង្កាច់ពីកម្ពុជាតែប៉ុណ្ណោះ។ គេមានទិសដៅពិតប្រាកដដើម្បីបន្តុះបង្អាប់ការខិតខំរបស់រាជរដ្ឋាភិបាល ហើយព្យាយាមបង្វែទៅរកនយោបាយ ខណៈដែលរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល គឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទាំងខ្មែរ និងបរទេសដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ ការភ្ជាប់ទៅរកនយោបាយរបស់ពួកគេ គឺមិនបាច់ឆ្ងល់ឡើយ ព្រោះពួកគេពីដើមរៀងមកមិនដែលគាំទ្រ ឬលើកសរសើររាជរដ្ឋាភិបាលទេ។ បើសរសើរកម្ពុជា ពួកគេនឹងមិនទទួលថវិកាដើម្បីបន្តការរស់រានរបស់ពួកគេឡើយ ហើយសកម្មភាពនេះ ក៏មិនមែនសម្រាប់តែកម្ពុជាដែរគឺប្រទេសណាដែលស្ថិតនៅក្នុងរបៀបវារៈរបស់គេក៏សុទ្ធតែទទួលរងនូវភាពអយុត្តិធម៌ដូចគ្នា។

ពិនិត្យឱ្យដិតដល់និងនិយាយតាមបែបម៉្យាងទៀត ការលើកឡើងរបស់ពួកគេខាងលើក្រៅពីបង្ហាញច្បាស់ពីចរិតប្រឆាំងនឹងការពិតនៅកម្ពុជា គេក៏កំពុងដើរតួក្នុងរបៀប “ឆ្នាំមិនក្តៅ មកក្តៅឯគ្រប”៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner