ឯកឧត្តម វេង សាខុន នំាយកសម្ភារៈស្នាក់នៅសម្រាប់ពលរដ្ឋខ្មែរ ដែលធ្វើមាតុភូមិនិវត្តន៍ នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនក្រុមការងារស្រុកតំបែរ ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩
ឯកឧត្តម វេង សាខុន សមាជិករាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បាននាំយកសម្ភារៈស្នាក់នៅសម្រាប់ពលរដ្ឋខ្មែរ ដែលធ្វើមាតុភូមិនិវត្តន៍នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនក្រុមការងារស្រុកតំបែរ និងជួបសំណេះសំណាលជាមួយក្រុមការងារស្រុកក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។
តាមសេចក្តីរាយការណ៍របស់ លោក សុខ សារិទ្ធ គណៈអភិបាលស្រុកបានឲ្យដឹងដោយសង្ខេបអំពីសកម្មភាពសំខាន់ៗនៃការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជាលេខ ០២ របស់រាជ រដ្ឋាភិបាល កន្លងមកថា ក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ស្រុកបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាម ឧឃោសនស័ព្ទ តាមផ្ទះ តាមរយៈ Facebood និងខិតប័ណ្ណ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ។ បែងចែកក្រុមការងារចុះជាប់ទៅតាមឃុំទាំង៧ ចាត់មធ្យោបាយដឹកជញ្ជូនពលរដ្ឋមកពីក្រៅប្រទេសយកមកស្នាក់នៅដាច់ដោយឡែក។ ការិយាល័យសុខាភិបាលបានបង្កើតក្រុមឆ្លើយតបរហ័យថ្នាក់ស្រុក និងនៅមណ្ឌលសុខភាពទាំង៦។ ចាត់ក្រុមស្រាវជ្រាវលើពលរដ្ឋខ្មែរដែលបានទៅចូលរួមពិធីសាសនានៅក្រៅប្រទេស ជនបរទេសមកស្នាក់នៅក្នុងស្រុក និងពលរដ្ឋដែលបានវិលត្រឡប់ពីការធ្វើចំណាកស្រុក ដែលមានការសង្ស័យថាមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយអ្នកផ្ទុកជំងឺ។ ណែនាំម្ចាស់ក្លឹប ផ្អាកការជួបជុំតាមវត្ត ផ្អាកការថ្វាយបង្គំនៅវិហារ ស៊ូវ៉ាវ សាលារៀនរដ្ឋ និងឯកជន ចុះពិនិត្យការលក់ឧបករណ៍ធ្វើតេស្តគ្មានការអនុញ្ញាត និងលក់កេងកម្រៃ។ល។ ដោយឡែក អ្នកទើបមកពីក្រៅស្រុកត្រូវទុកឲ្យស្នាក់នៅក្នុងកន្លែងចត្តាឡីស័ក ១៤ថ្ងៃ ដែលបានរៀបចំនៅគ្រប់ឃុំ សរុបមាន១២អាគារ មាន៥៤បន្ទប់ អាចផ្ទុកបាន២១៦គ្រែ ដោយចំបាច់ត្រូវបំពាក់សម្ភារ បរិក្ខារប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ផងដែរ។
ឯកឧត្តមវេង សាខុន សូមថ្លែងអំណរគុណជូនចំពោះសប្បុរសជន សមាជិកក្រុមការងារដែលបានបរិច្ចាកថវិកា និងសម្ភារជួយដល់ក្រុមការងារសម្រាប់បម្រើឱ្យសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់ក្នុងឆន្ទ:ចូលរួមប្រយុទ្ធប្រឆាំងការរាលឆ្លងជំងឺនេះក្នុងស្រុកតំបែរទាំងមូល។ នាឱកាសនេះ ឯកឧត្តមបានណែនាំដល់ក្រុមការងារ មន្រ្តីសុខាភិបាល ត្រូវខិតខំសហការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបន្ថែមទៀតដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យកាន់តែមានប្រសិទ្ធភាព។ រៀបចំទុកដាក់ និងប្រើប្រាស់សម្ភារបរិក្ខារឱ្យបានត្រឹមត្រូវ សមស្របតាមវិធានការអនាម័យ។ ស្ថិតក្នុងបរិបទនេះ យើងក៏ត្រូវយកចិត្តទុក ដាក់ជម្រុញផលិតកម្មស្បៀងដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក។
ចំពោះសមាជិកក្រុមការងារត្រូវសកម្មចុះជាប់មូលដ្ឋានដើម្បីពិនិត្យតាមដានរាល់បញ្ហាដែលអាចកើតឡើងដោយចៃដន្យ និងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។ ក្នុងគោលបំណងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងដើម្បីជួយសម្រួលដល់មន្រ្តី និងបងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីការធ្វើចំណាកស្រុក ឯកឧត្តមប្រធានបានជួយឧបត្ថម្ភប៉ៅអ៊ីបត់ មុង ភួយ និងខ្នើយ ដែលមួយមុខៗមានចំនួន ១៤០សម្រាប់។
ឯកឧត្តមប្រធានក្រុមការងារស្រុកក៏បានជួយឧបត្ថម្ភថវិកាបន្ថែមសម្រាប់ក្រុមការងារថ្នាក់ស្រុកចំនួន៤លានរៀល ឃុំទាំង៧ ដោយឃុំនីមួយៗទទួលបាន ១លានរៀល ការិយាល័យសុខាភិបាលស្រុក ២លានរៀល និងមន្រ្តីក្រោមឱវាទស្រុក និងឃុំចំនួន ៦០នាក់ ម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀលផងដែរ៕