ឃាតករដែលវាយសម្លាប់នារីម្នាក់ទម្លាក់ចូលទឹក ក្នុងរណ្ដៅដី ឥឡូវសមត្តកិច្ចស្រាវជ្រាវ វែកមុខឃាត់ខ្លួនបានហើយ
កណ្ដាល៖ នគរបាលខេត្តកណ្ដាលបានឲ្យដឹងកាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២០នេះថា ការបើកប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានហើយ ក្នុងករណីឃាតកម្មនៅស្រុកកណ្ដាលស្ទឹង ដែលបានសម្លាប់នារីម្នាក់ផ្អោបជាមួយដុំថ្មទម្លាក់ចូលក្នុងរណ្ដៅទឹក ដែលប្រជាពលរដ្ឋបានប្រទះឃើញកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋានននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលស្រុកកណ្ដាលស្ទឹង ក្រោមការចង្អុរបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតផ្ទាល់ រហូតវែកមុខចាប់ខ្លួនជនសង្ស័យបានហើយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ឌឿន ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ ចំណែកនារីជារងគ្រោះឈ្មោះ ម៉ន ចន្ទ័ថន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅ ភូមិថ្លុកព្រាល ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានរាយការណ៌មកសមត្ថកិច្ចប៉ុស្តិ៍ដើមឬសថា មានសាកសពអណ្ដែតទឹកក្នុងរណ្ដៅដីមួយកន្លែងនៅភូមិក្រូចសើច ភ្លាមនោះ សមត្ថកិច្ចប៉ុស្តិ៍ រាយការណ៍បន្ត ទៅសមត្ថកិច្ចជំនាញស្រុក និងសមត្ថកិច្ចជំនាញខេត្ត បានចុះមកធ្វើការពិនិត្យឃើញថា នៅនឹងខ្លួនសាកសពមានដាក់ដុំថ្មនៅក្នុងអាវ រួចសន្និដ្ឋានថា ជាករណីឃាតកម្ម បន្ទាប់មក កម្លាំងជំនាញបានកសាងសំណុំរឿងបើកការស្រាវជ្រាវ ស៊ើបអង្កេតដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល រហូតកំណត់មុខសញ្ញាជនសង្ស័យបាន ឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ឌឿន ឌី បានសារភាពថា កន្លងមកជនរងគ្រោះជាសង្សារបស់ខ្លួន ហើយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី ជនសង្ស័យ និងឈ្មោះ យឿន គន្ធា ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្អូនជីដូនមួយ) បានជិះ ម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-6858 បានជិះម៉ូតូ ចេញពីផ្ទះទៅយក ជនរងគ្រោះ នៅភូមិថ្លុកព្រាល ឃុំព្រះនិព្វានន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដេីម្បីយកទៅហូបបង្អែមនៅផ្សារ កំពង់កន្ទួត ពេលមកដល់ ផ្សារកំពង់កន្ទួត ពុំបាន ហូបបង្អែមទេ ដោយសារ ឃើញមេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូទៅកន្លែងកេីតហេតុ ហេីយឈ្មោះ យឿន គន្ធា (ប្អូនជីដូនមួយ) បានជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញបាត់ទៅ ដោយ ទុកជនរងគ្រោះ និងជនសង្ស័យនៅជាមួយគ្នារហូតដល់វេលាម៉ោង០០ និង៤០នាទី ឈានចូលថ្ងៃទី ១០ ខែឆ្នាំដដែល ជនសង្ស័យ និងជនរងគ្រោះបានឈ្លោះប្រកែកគ្នា ពីរឿងឲ្យជូនទៅផ្ទះ តែជនសង្ស័យមិនព្រមជូនទៅ ទេីបជនរងគ្រោះ ទះកំផ្លៀងជនសង្ស័យ ០៣ដៃចំមុខ និងជេរបញ្ចោរថែមទៀតផង ពេលនោះជនសង្ស័យខឹង និងចង់ដោះដៃផង នោះបានយកលេះក៏យកឈេីជ្រុង ដែលនៅក្បែរកន្លែងកើតហេតុ មកវាយជនរងគ្រោះ ចំកញ្ចឹងក ចំនួន ២ ដំបង បណ្តាលឲ្យស្លាប់ ហេីយ ជនសង្ស័យ បានយកដុំថ្ម១ដុំ ប៉ុនភ្លៅមនុស្សចាស់ដាក់ចូលក្នុងអាវជនរងគ្រោះ ខាងក្រោយ រួចរុញទម្លាក់ចូលក្នុងទឹក រណ្តៅដីខ្សាច់លិចបាត់តែម្តងទៅ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឌឿន ឌី ប៉ូលិសកំពុងបំពេញសំណុំរឿងនៅការិយាល័យព្រហ្មទណ្ឌ កំរឹតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តកណ្ដាល ដើម្បីធ្វើការបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការបន្តតាមនិតិវិធីដាក់ពន្ធនាគារ ៕ ដោយ៖ ខាត់ សុខឿន