អភិបាលខេត្តក្រចេះ អំពាវនាវអោយមានកាចូលរួមសហការគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងជម្ងឺកូវីត-១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តរួមគ្នាសហការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ជាមួយនឹងរាជរដ្ឋាភិបាល កុំឲ្យមានការឆ្លងរីករាលដាលជម្ងឺដ៏សហាវមួយនេះក្នុងសហគមន៍របស់យើង ។ ការអំពាវនាវនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមេសា នៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខបងប្អូនពលករចំនួន៣៤នាក់ នៅក្នុងស្រុកស្នួល និងក្រុងក្រចេះ ដែលបានធ្វើច័ត្តាឡីស័ក១៤ ថ្ងៃកន្លងទៅ តាមបទបញ្ជារ និងវិធានការរបស់ក្រសួងសុខាភិបាល ។

ឯកឧត្តម  អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៍បានបញ្ជាក់បន្តថា ៖ ការយល់ដឹង និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលសំខាន់បំផុត គឺបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងរួមសហការគ្នាជាមួយអាជ្ញាធរ មូលដ្ឋាន ដើម្បីអនុវត្តនូវវិធានអនាម័យ ពិសេសវិធានការគម្លាតសុវត្ថិភាព ដោយមិនត្រូវជួបជុំ ឬប្រមូលផ្តុំមនុស្សច្រើននាក់ឡើយ ធ្វើដូច្នេះគឺយើងនឹងអាចបញ្ចប់ជម្ងឺកូវីដ-១៩នេះបាន ។

ឯកឧត្តម មានប្រសាសន៍ថា សុវត្ថិភាពសហគមន៍ និងសុវត្ថិភាពសង្គមទាំងមូល ដោយគ្មានកូវីដ-១៩ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋនេះតែម្តង ព្រោះប្រសិនបើបងប្អូនចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលនោះយើងប្រាកដជាយកឈ្នះនូវជម្ងឺកូវីដ-១៩នេះបាន ហើយយើងក៏ក្លាយជាប្រទេសគំរូលើពិភពលោកផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវី-១៩នេះ ឲ្យរលាយបាត់ ។

ក្នុងនោះដែរឯកឧត្តមបានបន្តអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ នៅតែបន្តទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈ ការពាក់ម៉ាស ឬមានក្រមា មានទឹកអាគុល ឬជែលនៅជាប់ខ្លួនជានិច្ច ហើយម្យ៉ាងវិញទៀតសូមបងប្អូនមេត្តាអធ្យាស្រ័យ និងបន្តសហការជាមួយអាជ្ញាធរ និងជំនាញ ចំពោះវិធានការការពាររបស់មន្រ្តីជំនាញ ក្នុងន័យបង្ការទប់ស្កាត់ និងកាត់បន្ថយនូវការចម្លងរីករាលដាលមេរោគកូវីដ-១៩ ទៅដល់អ្នកដទៃ និងសហគមន៍ ។

សូមបញ្ជាក់ដែរថា អំណោយដែលផ្តល់ជូនរួមមាន ៖ ទឹកសុទ្ធ ស្រោមដៃពេទ្យ ម៉ាស់ អាលកុល និងជែល ចំពោះបងប្អូនពលករ ចំនួន ៣៤ នាក់  ទទួលបានថវិការបន្ថែម ចំនួន ៥ ម៉ឺនរៀល ផងដែរ ៕ ដោយ៖ ម៉េង គាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner