អភិបាលខេត្តព្រះវិហារ ជម្រុញក្រុមការងារជួសជុលផ្លូវ ត្រូវពន្លឿន​លើ​ការស្ថាបនាឲ្យបានរួចរាល់ នៅមុនរដូវវស្សាឈានចូលមកដល់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
ជា សេឌី

ប្រសាសន៍ដាស់តឿនរបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ធ្វើឡើងក្នុងឱកាស ដឹក​នាំមន្ត្រីខេត្ត ស្រុក រួមនឹងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ឧបត្ថម្ភដល់មន្ត្រី នៃក្រុមការងារជំនាញសាធារណការខេត្ត ដែលកំពុងបន្តជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៦៤ ១ខ្សែ កាលពីថ្ងៃទី២៦មេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកគូលែន ។

 លោក សំ លាងទ្រី  ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តព្រះវិហារ មន្ត្រីបច្ចេកទេសនៃមន្ទីរសាធារណការខេត្ត នៅតែបន្តសកម្មភាពជួលជុល ថែទាំ ពិសេសការពង្រីកកំណាត់ផ្លូវ១ខ្សែ នៅក្នុងទីរួមស្រុកគូលែន យ៉ាងសស្រាក់សស្រាំ បើទោះបីពិភពលោក និងកម្ពុជា កំពុងរងនូវវិបត្តិឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍នោះក៏ដោយ តែវិបត្តិនេះមិនជាឧបសគ្គដល់ដំណើរការស្ថាបនា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពិសេស នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ នោះឡើយ។

កំណាត់ផ្លូវ១ខ្សែនេះ នឹងពង្រីក៤ម៉ែត្រសងខាង ហើយអាចនឹងត្រូវបញ្ចប់ក្នុងការស្ថាបនា នៅចុងខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ឲ្យបានមុនរដូវវស្សាឈានចូលមកដល់។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ផ្នែកទាំអស់ ដែលនៅរយៈកាលកន្លងមក ក៏ដូចជានៅគ្រាបច្ចុប្បន្ន ដែលតែងបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការស្ថាបនា ការជួសជុល និងការថែទាំផ្លូវនៅក្នុងខេត្តព្រះវិហារ ក្រោមការគ្រប់គ្រប់គ្រង ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយ៉ាងល្អប្រសើរ។​

  ឯកឧត្តម បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារជួសជុលទាំងអស់ ត្រូវពន្លឿនលើការជួសជុល និងស្ថាបនាផ្លូវនេះ ប្រកបដោយគុណភាព និងមានស្តង់ដាតាមបច្ចេកទេសត្រឹមត្រូវ ធ្វើយ៉ាងណាឲ្យការស្ថាបនានេះ បានរួចរាល់នៅមុនរដូវវស្សាឈានចូលមកដល់ ដើម្បីជួយសម្រួល និងបម្រើដល់វិស័យសាធារណៈ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ធ្វើដំណើរបានងាយស្រួល និងការដឹកជញ្ជូនកសិផលនានា ពីទីជនបទដាច់ស្រាយាល មកកាន់ទីប្រជុំជន បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។

នៅព្រឹកថ្ងៃដដែល ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ដ្រីរាជការជុំវិញខេត្ត ក្រុង ស្រុក បួងសួងប្រាថ្នាសុំសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿង នៅមុខរូបសំណាក លោកឪសួង ស្ថិតនៅក្នុងទីរួមស្រុកគូលែន សូមឲ្យប្រជាជន និងប្រទេសកម្ពុជា ឆ្លងផុតពីវិបត្តិជំងឺកូវីដ១៩ គ្រោះទុរភិក្សនានា និងរស់នៅក្នុងម្លប់ នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ សែន ជារៀងដរាបទៅ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner