កម្ពុជាត្រៀមទទួលវ៉ាក់សាំងជំនួយស៊ីណូហ្វាម ៤០ម៉ឺនដូស (Video Inside)
វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូស គ្រោងនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៨ មេសាស្អែកនេះ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានថ្លែងនៅថ្ងៃអង្គារ៍នេះថា វ៉ាក់សាំងស៊ីណូហ្វាមដែលនឹង មកដល់វេលាយប់ថ្ងៃទី២៨មេសា គឺជាវ៉ាក់សាំងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
កម្ពុជាបានទទួល វ៉ាក់សាំងជំនួយស៊ីណូហ្វាមចំនួន២លើករួចមកហើយដែលជើងទី១ បានដឹកមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ចំនួន៦០ម៉ឺនដូសនិងលើកទី២ ចំនួន៧០ម៉ឺនដូសដែលបានដឹកមកដល់ថ្ងៃទី៣១ខែមីនា។ បើរាប់បញ្ចូលទាំង វ៉ាក់សាំងស៊ីណូហ្វាម៤០ម៉ឺនដូស ដែលនឹងមកដល់ល្ងាចស្អែកនោះទៀត វ៉ាក់សាំងជំនួយស៊ីណូហ្វាមពីរដ្ឋា ភិបាលសាធារណរដ្ឋប្រជាមានិតចិនចំពោះកម្ពុជា បានកើនដល់១លាន៧០ម៉ឺនដូសហើយ។ ក្រៅពីវ៉ាក់សាំងជំនួយ, រាជរដ្ឋាភិបាលកម្ពុជា នៅបានបញ្ជាទិញ វ៉ាក់សាំងចិនស៊ីណូវ៉ាក់ ទៀតផងដែរ។ យោងតាមរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ កម្ពុជាមានគម្រោងទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួនសារុប៧លាន៥សែនដូស។
បច្ចុប្បន្នវ៉ាក់សាំងស៊ីណូវ៉ាក់ដែលបាន ទិញនិងដឹកមកកម្ពុជារួចមកហើយ ក្នុងខែមីនានិងមេសាជាបន្តបន្ទាប់នេះ មានចំនួន២លានដូស។ កម្ពុជាមាន គម្រោងចាក់វ៉ាក់សាំងលើពលរដ្ឋ របស់ខ្លួនឲ្យបានយ៉ាងហោច១០លាននាក់ដែលស្មើនឹង២០លានដូស។