តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ

ភ្នំពេញ : តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ីដែលបានរារាំងដល់ការអនុវត្តវិធានការនិងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។គឺញុះញង់ប្រជាពលរដ្ឋឲ្យបះបោរប្រឆាំងរាជរដ្ឋាភិបាល និងឲ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ ខណៈដែលរាជរដ្ឋាភិបាលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ដីកាបង្គាប់ឲ្យចាប់ខ្លួនមេឧទ្ទាមក្រៅច្បាប់រូបនេះ ចេញដោយលោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថាអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់ សម រង្សី ពីបទរារាំងវិធានការរដ្ឋបាល និងញុះញង់បង្កឱ្យមានអសន្តិសុខក្នុងសង្គម ហើយមកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីការតាមចាប់ខ្លួនឧក្រិដ្ឋជនរូបនេះ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ទណ្ឌិត សម រង្សីបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រឆាំងជាមួយនឹងវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងអាជ្ញាធរ ហើយបានញុះញង់ឱ្យពលរដ្ឋចេញពីក្នុងផ្ទះ។ នេះជាទង្វើប្រឆាំងជាមួយច្បាប់កម្ពុជា។ ជាមួយគ្នានេះ លោក គឹម សន្តិភាព បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿតាមការញុះញ់ងរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងសូមចូលរួមទាំងអស់គ្នាដើម្បីឈានទៅបិទបញ្ចប់ហើយនឹងបានវិលត្រលប់ទៅរស់នៅក្នុងជីវភាពធម្មតា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាវិញ បានថ្លែងថា ការដែលសម រង្ស៊ី ញុះញង់ឱ្យប្រជាពលរដ្ឋចេញពីផ្ទះដើម្បីធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្មឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលបានបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាល គឺល្មើសទៅនឹងច្បាប់ទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាលដែលបានកំណត់ឱ្យប្រជាពលរដ្ឋនៅក្នុងគេហដ្ឋាន ក្នុងរយៈពេលនៃការបិទខ្ទប់ ហើយវិធានការនេះ គឺដើម្បីអាយុជីវិត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មិនមែនត្រឹមតែតំបន់ឬប្រជាពលរដ្ឋតែប៉ុន្មានគ្រួសារនោះ ទេ គឺដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស ។ កំហុសមួយទៀត គឺនៅក្នុងផ្នែកវិធានសុខាភិបាលដែលចាំបាច់ប្រជាពលរដ្ឋត្រូវតែនៅក្នុងគេហដ្ឋានពីព្រោះការឆ្លងរាលដាលជំងឺកូវីដ១៩ គឺមានទំហំធំណាស់ ហើយទង្វើនិងសកម្មភាពញុះញង់របស់សម រង្ស៊ីឲ្យប្រជាពលរដ្ឋចេញពីផ្ទះ គឺប្រៀបបានរុញអាយុជីវិតប្រជាពលរដ្ឋឲ្យទៅកាន់ជ្រោះមរណៈ។

ចំណែកប្រធានសម្ព័ន្ធសហជីពជាតិមានបញ្ចេញយោបល់ស្រដៀងមន្រ្តីទាំងពីររូបខាងលើដែរ។ លោកបានថ្កោលទោសចំពោះសមរង្ស៊ី និងបក្ខពួកមួយចំនួនដែលនៅក្រៅប្រទេសដែលបានញុះញង់ឲ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ ខណៈដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា អ្វីដែលជាការញុះញង់របស់សម រង្ស៊ី និងបក្ខពួកមួយចំនួនដែលនៅក្រៅប្រទេស គឺជាទង្វើអសីលធម៌ និងគួរឲ្យស្អប់ខ្ពើមបំផុត ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោកសម រង្ស៊ី និងបក្ខពួក ដែលញុះញង់ឲ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ។

លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ

លោកហ្វា សាលី សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការច្បាប់ចំពោះសម រង្ស៊ី និងបក្ខពួក និងសូមប្តឹងសារទុក្ខពីបទញុះញង់ប្រជាពលរដ្ឋឲ្យចេញក្រៅផ្ទះ នៅពេលរដ្ឋរដ្ឋាភិបាលកំពុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ទង្វើទាំងនេះមិនអាចទទួលយកបានទេ និងសូមឲ្យមានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ចំពោះ សម រង្ស៊ី និងបក្ខពួក។

សូមជម្រាបថា កាលពីរាត្រីថ្ងៃទី២៤ខែមេសាឆ្នាំ២០២១តាមរយៈផេកហ្វេសប៊ុករបស់ខ្លួនមេឧទ្ទាមក្រៅច្បាប់បានអំពាវនាវជំរុញឱ្យប្រជាជនចាកចេញពីផ្ទះដើម្បីប្រឆាំង នឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរ៕

ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner