សែលកាតនិង អង្គការ Caring for Cambodia សហការគ្នាបើកយុទ្ធនាការរត់តាមអនឡាញទូទាំងពិភពលោកដើម្បីជួយគាំទ្រដល់សាលារៀនខេត្តសៀមរាប

រាជធានីភ្នំពេញ៖ សែលកាត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះបានជួយឧបត្ថម្ភនៅក្នុងយុទ្ធនាការប្រណាំងប្រជែងកាយសម្បទា Race to Better Education របស់អង្គការ Caring for Cambodia សម្រាប់ឆ្នាំ២០២១នេះ។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងប្រចាំឆ្នាំជាលើកទីពីរ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដក្នុងពេលបច្ចុប្បន្ន ក៏ត្រូវបានផ្លាស់ប្តូរទៅជាការប្រណាំងប្រជែងកាយសម្បទាតាមអនឡាញក្នុងរយៈពេល ២៨ ថ្ងៃ ដោយបើកចំហជូនដល់អ្នកមានបំណងចង់ចូលរួមទាំងអស់នៅទូទាំងពិភពលោក។

លោក អ៊ុង សាវី អគ្គនាយកនៃសាលានិងនាយកប្រចាំប្រទេសរបស់អង្គការ CFC បានឱ្យដឹងថា ជម្ងឺកូវីដ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ដែលសិស្សរបស់ពួកគេកំពុងតាំងលំនៅ ក្នុងខេត្តសៀមរាប ហេតុដូច្នេះហើយ យើងត្រូវការថវិកាចាំបាច់ជាបន្ទាន់ ដើម្បីជួយគាំទ្រដល់ប្អូនៗដែលងាយរងគ្រោះបំផុតទាំងអស់នេះ។

     លោក សាវី បានប្រាប់ថា៖ “យើងមិនអាចរង់ចាំទាល់តែជម្ងឺកូវីដត្រូវបានបញ្ចប់នោះទេ។ ការផ្តល់ជំនួយ គឺត្រូវការជាចាំបាច់ក្នុងពេលឥឡូវនេះ ហើយពួកយើងត្រូវរក្សាទំនាក់ទំនងជាមួយសិស្ស ក៏ដូចជាធានាថាពួកគេមានសុខសុវត្ថិភាពល្អ និងទទួលបានការគាំទ្រដែលពួកគេត្រូវការ រួមទាំងការអប់រំផងដែរ”។

       លោកថា“ដោយសារការធ្វើយុទ្ធនាការតាមអនឡាញ កំពុងទទួលបានការពេញនិយមជាខ្លាំង យើងបានធ្វើការផ្លាស់ប្តូរយុទ្ធនាការរត់ប្រកបដោយភាពសប្បាយរីករាយ ទៅជាការប្រណាំងប្រជែងតាមអនឡាញ ពោលគឺអ្នកចូលរួមអាចចុះឈ្មោះ និងប្រកាសនូវសមិទ្ធិផលសុខភាពរបស់ពួកគេតាមអនឡាញដើម្បីរៃអង្គាសថវិកា”។

      គួរបញ្ជាក់ថាCFC គឺជាអង្គការក្រៅរដ្ឋាភិបាលមិនសំដៅប្រាក់ចំណេញនិងសប្បុរសធម៌ ដែលកំពុងបើកដំណើរការគ្រឹះស្ថានសិក្សាចំនួន២១ នៅទូទាំងខេត្តសៀមរាប ដើម្បីជួយគាំទ្រដល់សិស្សចំនួន ៧០០០នាក់។សម្រាប់យុទ្ធនាការ Race to Better Education នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០១ ខែឧសភា រហូតដល់ថ្ងៃទី ២៨ ឧសភា។ថវិការដែលប្រមូលបានពីព្រឹត្តិការណ៍នេះ នឹងផ្តល់ជូនដោយផ្ទាល់ទៅកាន់សិស្សានុសិស្ស ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ ក៏ដូចជាការផ្តល់ជូននូវអាហារពីរពេលក្នុងមួយថ្ងៃផងដែរ។កម្មវិធីដែលផ្តល់ជូននៅសាលា CFC រួមមានការអប់រំកុមារតូចៗ ICT/STEM សុខភាព ការត្រៀមខ្លួនសម្រាប់អាជីព សមភាពយេនឌ័រ និងការបណ្តុះបណ្តាលគុរកោសល្យជាដើម។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត កោតសរសើរចំពោះអង្គការ CFC ដែលបានជម្រុញឱ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើងតាមអនឡាញ។

លោកបានឱ្យដឹងបន្ថែមថា“នេះមិនមែនត្រឹមតែជាបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រូដ៏អស្ចារ្យមួយ ដែលសហគមន៍នៅទូទាំងពិភពលោក អាចធ្វើការរួមគ្នា បើទោះបីជាមានឧបសគ្គច្រើន និងស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ”។

លោកថា“ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានក្តីសោមនស្សបំផុតដែលអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ការគាំទ្រដល់យុវជននៅក្នុងខេត្តសៀមរាប។

        សូមបញ្ជាក់ដែរថាយុទ្ធនាការ Race to Better Education តាមអនឡាញ មានផ្តល់ជូននូវជម្រើសចម្ងាយផ្សេងៗគ្នា សម្រាប់ការប្រណាំងប្រជែងរយៈពេល ២៨ ថ្ងៃ ដោយផ្អែកទៅលើចំណង់ចំណូលចិត្តរបស់អ្នកចូលរួម។

     ក្រៅពីការប្រណាំងប្រជែង រត់/ដើរ/ជិះកង់ ចម្ងាយ ១៨០ ម៉ាយដ៏ពេញនិយមនោះ ក៏មានការប្រកួតប្រជែងជិះកង់ចម្ងាយ 600 ម៉ាយល៍ សម្រាប់អ្នកដែលនិយមចូលចិត្តជិះកង់ និងការប្រណាំង 60 ម៉ាយសម្រាប់កុមារ ដោយគ្រប់ផ្លូវធ្វើដំណើរទាំងអស់ នឹងនាំអ្នកចូលរួម ទៅទស្សនាទិដ្ឋភាពខេត្តសៀមរាប ដោយក្នុងនោះរួមមាន តំបន់ទេសចរណ៍ល្បីៗ ប្រាសាទបុរាណ រួមជាមួយនឹងអគារសិក្សារបស់អង្គការ CFC ផងដែរ។រាល់ការប្រណាំងប្រជែងទាំងអស់ គឺអនុញ្ញាតឱ្យកំណត់ដោយខ្លួនឯង ហើយអ្នកចូលរួមអាចផ្តល់យោបល់ក្នុងការកំណត់ចម្ងាយដែលខ្លួនចង់បាន ដូច្នេះពួកគាត់ មិនចាំបាច់សម្រេចចម្ងាយផ្លូវទាំងមូល ដើម្បីអាចចូលរួមក្នុងយុទ្ធនាការនោះឡើយ។

       លោកអ្នកអាចចូលរួមព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការទាំងស្រុងរបស់សហគមន៍ CFC ដោយចុះឈ្មោះចូលរួមប្រណាំងប្រជែងតាមរយៈ៖ https://bit.ly/3gJiDHy

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner