ម្ចាស់មេដាយមាស កីឡាអាស៊ីសាលី អូម៉ើត ត្អូញត្អែពីស្ថានភាពហ្វឹកហាត់ ក្នុងប្រទេសថៃ ខណៈដែលសហព័ន្ធមិនដែលអើរពើពីសុខទុក្ខកីឡាករ

បន្ទាប់ពីបង្ហាញខ្លួន ក្នុងព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក ដណ្តើមពានរង្វាន់ពិភពលោក ( Jet Ski World Cup World Series 2021 ) នាទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ កីឡាករម៉ូតូទឹកកម្ពុជា សាលី អូម៉ើត ដែលម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ បានទម្លាយចេញព័ត៌មានខ្លះៗប្រាប់អ្នកព័ត៌មានទូរទ្សន៍អប្សរា ពាក់ព័ន្ធនឹងស្ថានភាពហ្វឹកហាត់របស់កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាទាំង៧រូប ដែលកំពុងហ្វឹកហាត់នៅប្រទេសថៃថា បច្ចុប្បន្ននេះពួកគេកំពុងជួបបញ្ហាលំបាកផ្នែកជីវភាព ខណៈប្រាក់ឧបត្ថម្ភដែលទទួលបានពីក្រសួអប់រំយុវជន និងកីឡា បានត្រឹមតែទិញសាំងចាក់ សម្រាប់ហ្វឹកហាត់ប្រចាំថ្ងៃប៉ុណ្ណោះ រីឯការហូបចុក ស្នាក់នៅ និងទិញសម្ភារៈប្រើប្រាស់បន្ទាប់បន្សំពឹងផ្អែកលើការរ៉ាប់រងរបស់សាលី អូមើត និងម្ចាស់ក្លិបតែម្តង ។ ម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះ ពន្យល់ថា ថវិកាដែលខ្លួនចែករំលែកដល់កីឡាករជម្រើសជាតិម៉ូតូទឹក កំពុងហ្វឹកហាត់នៅប្រទេសថៃនេះ គឺទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុនអាល្លីម៉ង់ និងអាមេរិក ដែលជាដៃគូឧបត្ថម្ភផ្ទាល់របស់ កីឡាករ សាលី អូម៉ើត ។


អូម៉ើត បញ្ជាក់ថា ការហ្វឹកហាត់របស់អត្តពលិកជម្រើសជាតិម៉ូតូទឹក រយៈពេលជាងមួយឆ្នាំ នៅប្រទេសថៃនេះ សហព័ន្ធពុំដែលអើរពើរ សួរសុខទុក និងយកចិត្តទុកដាក់នោះទេ ។ ប៉ុន្តែទោះបីសហព័ន្ធ ព្រងើយកន្តើយ ចំពោះរូបគេ និងកីឡាករផ្សេងទៀតក្តី ក៏ម្ចាស់មេដាយមាសរូបគេ នៅតែបន្តហ្វឹកហាត់ត្រៀមប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជា ក្នុងស្មារតីស្រលាញ់ នឹងធ្វើដើម្បីមោទនភាព ជាតិ ។

គួរបញ្ជាក់ថា ទាក់ទងនឹងការហ្វឹកហាត់របស់អត្តពលិកម៉ូតូទឹកកម្ពុជា នៅប្រទេសនេះ គឺលោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលហ្វឹកហ្វឺនកីឡា បញ្ជាក់ថា កីឡាករទាំង៧រូបទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា ក្នុងម្នាក់ៗ ១លាន ៨សែនរៀល ក្នុងមួយខែៗ រយៈពេល២ឆ្នាំមកហើយ ។


សូមបញ្ជាក់ថា ជម្រើសជាតិកីឡាម៉ូទឹកកម្ពុជាទាំង៧នាក់ ដែលកំពុងហ្វឹកហាត់នៅប្រទេសថៃ គឺទទួលបានការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា រយៈពេល២ឆ្នាំមកហើយ ក្នុងឆ្នាំ២០១៩ និង ២០២០ ដោយក្នុងមួយឆ្នាំ ម្នាក់ៗទទួលបានម្នាក់៩លានរៀល ប៉ុន្តែប្រាក់ឧបត្ថម្ភទាំងនោះ វាមិនអាចអាចឆ្លើយតបទៅនឹងការហ្វឹកហាត់ជាក់ស្តែងនោះឡើយ គឺពួកគេត្រូវស្វែងរកថវិកាឧបត្ថម្ភបន្ថែមពីដៃគូវិស័យឯកជននានា ។ ហើយបច្ចុប្បន្ន សាលី អូម៉ើត ទទួលបានការឧបត្ថម្ភពីម្ចាស់ក្លិប Flamingo ទើបអាចបន្តការហ្វឹកហាត់រហូតមកដល់ពេលនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner