សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហានិភ័យក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយប្រគល់ភារកិច្ចរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល នៅព្រឹកថ្ងៃទី៣០ ខែមេសាស្អែកនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៩ ខែមេសានេះថា សម្តេចនឹងអញ្ជើញផ្សព្វផ្សាយប្រគល់ភារកិច្ចដល់ក្រុមការងាររៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានហានិភ័ គឺនៅក្នុង ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ហើយនឹងផ្សព្វផ្សាយផែនការលំអិតនៅថ្ងៃទី៣០ ខែមេសា ស្អែកនេះ។ នេះជាលក្ខណៈពិសេស គឺកិច្ចការមួយចំនួនស្ថិតនៅក្នុងគណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាលជាអ្នកចាត់ចែង។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ (រូបឯកសារ)

សម្តេចគ្រាន់តែទទួលអាណត្តិ ក្រសួងការពារជាតិគឺប្រគល់ភារកិច្ចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយគណៈកម្មការចំពោះកិច្ចបានប្រគល់ឲ្យកងយោធពលខេមរភូមិន្ទ ទទួលខុសត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួនបួន គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ហានិភ័យនេះ គឺជាក្តីសង្ឃឹមនិងជឿជាក់មួយទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនិងកូវីដ១៩ ដែលជាជំងឺរាតត្បាតដល់កាចសាហាវនេះហើយជាជំនឿជឿជាក់ លើក្តីសង្ឃឹមមួយទៀតចំពោះការយកវ៉ាក់សាំងទៅបញ្ជា្របចូលក្នុងរាងកាយរបស់មនុស្សដើម្បីឲ្យមានការតតាំងនិងប្រយុទ្ធជាមួយកូវីដ១៩ បាន នេះគឺជាសារៈសំខាន់ធំធេងណាស់ ហើយគ្មានអ្វីធំធេងជាងសុខមាលភាពរបស់មនុស្សទេ កក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំង ចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។ តាមរយៈវ៉ាក់សាំង ទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១,៣លាន នាក់ហើយ។ កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ៕
ដោយៈជ័យពល

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner