រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរជំនាញបានធ្វើការកែលម្អកំណាត់ផ្លូវភ្លោះ “ផ្លូវជាតិលេខ៥” មុខរង្វង់មូល”លោកតាដំបងក្រញូង”ទៅជាផ្លូវក្រាលកៅស៊ូOverlay ACដើម្បីបង្កើននូវសោភ័ណភាពទីក្រុងនិងភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង បានថ្លែងឲ្យដឹង នៅសៀលថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១នេះថា៖ ក្នុងខណៈពេលដែលក្រុមការងារនិងមន្ត្រីជំនាញរបស់ខ្លួន កំពុងតែបំពេញការងារកែលម្អនៅលើកំណាត់ផ្លូវភ្លោះ”ផ្លូវជាតិលេខ៥”ដែលស្ថិតនៅចំពីមុខរង្វង់មូលលោកតាដំបងក្រញូង យ៉ាងសស្រាក់សស្រាំមមាញឹក ដោយកែលម្អពីផ្លូវក្រាលកៅស៊ូ DBST.ឲ្យទៅជាផ្លូវក្រាលកៅស៊ូ Overlay AC ប្រវែង ២ពាន់ម៉ែត្រទៅទល់និងរង្វង់មូលព្រាបសផ្លូវវាងក្រុងដោយសារមានការណែនាំពីអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងដោយមានទស្សនៈវិស័យបន្តស្ថាបនានូវផ្លូវកៅស៊ូប្រភេទAC ក្នុងខេត្ត ដើម្បីបង្កើននូវសោភ័ណភាពក្នុងក្រុងបាត់ដំបង ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចឲ្យបើកឲ្យដំណើរការឡើងវិញនូវតំបន់រមណីយដ្ឋាន តំបន់ទេសចរណ៍នានា ស្ថិតនៅតាមបណ្តាខេត្ត បានដំណើរការធម្មតាឡើងវិញនោះ។
ដូចនេះហើយទើបរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តបាត់ដំបង បានធ្វើការខិតខំប្រឹងប្រែងក្នុងការជួសជុលកែលម្អដែលពីមុនជាក្រាលផ្លូវកៅស៊ូDBSTដែលស្ថិតក្នុងគោលដៅបម្រើដល់ការទាក់ទាញនូវសោភ័ណភាពក្នុងទីក្រុងផងនិងជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឲ្យចូលមកកំសាន្តលេងក្នុងខេត្តឲ្យបានកាន់តែច្រើនថែមទៀតទៅថ្ងៃអនាគត។ដោយក្នុងនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជម្រុញឲ្យមន្ទីរជំនាញ ធ្វើការកែលម្អកំណាត់ផ្លូវភ្លោះនេះពីកៅស៊ូDBSTទៅជាផ្លូវបេទីមប្រភេទ OverlayACដែលមានប្រវែង២គីឡូម៉ែត្រទទឹងផ្លូវប្រវែង ១១ម៉ែត្រកន្លះ និង ដើម្បីបង្កើននូវសោភ័ណភាពទីក្រុងហើយក៏ជាការទាក់ទាញ់ដល់ភ្ញៀវទេសចរណ៍ផងដែរ ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានសង្កត់ធ្ងន់ទៀត ថា៖ក្រោយពីទឹកជំនន់ចុងឆ្នាំ២០២០បង្កធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយចំនួនក្នុងខេត្តរងការខូចខាតមន្ទីរបាននិងកំពុងធ្វើការជួសជុលកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះមួយចំនួនឡើងវិញទាំងនៅក្នុងក្រុង និងតាមបណ្ដាស្រុក មានដូចជា៖ ផ្លូវក្រាលកៅស៊ូប្រភេទOverlay ACនៅក្នុងទីប្រជុំជនខេត្ត បានប្រមាណ១០គីឡូម៉ែត្រហើយ។ក្នុងនោះក៏មាន ផ្លូវក្រាលកៅស៊ូប្រភេទ DBST, ការរៀបចំប្រអប់លូ និងការថែទាំ និង ជួសជុលស្ពានជាដើម។ល។
លោកក៏បានបន្តទៀតថា៖នៅពេលនេះ មន្ទីរកំពុងធ្វើផ្លូវក្រាលកៅស៊ូបេទីមOverlay AC ចាប់ ពីរង្វង់មូល ខាងមុខរូបសំណាកលោកតាដំបងក្រញូង រហូតទៅដល់រង្វង់មូលព្រាបស(ផ្លូវជាតិលេខ៥)ចំណុចផ្លូវបំបែកផ្លូវល្បឿនលឿន។ ដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងបាត់ដំបងផង និង កាន់តែធ្វើឲ្យការធ្វើដំណើរ របស់ ប្រជាពលរដ្ឋបានស្រួលជាងមុន ថែមទៀត។ ជាមួយគ្នានេះផងដែរ លោកប្រធានមន្ទីរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ត្រូវរួមគ្នាជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈឲ្យបានគង់វង់យូរអង្វែង និងត្រូវនាំគ្នាគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ដើម្បីឲ្យការធ្វើដំណើរនៅតាមដងផ្លូវធានាបាននូវសុខសុវត្ថិភាពទំាងអស់គ្នានិងចៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាត់បង់អាយុជីវិតនៅលើដងផ្លូវ។
ក្នុងឱកាសចុះពិនិត្យមើលនូវការស្ថាបនាផ្លូវបេទីម OverlayAC. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសំដែងការកោតសរសើរផ្តល់នូវកម្លាំងចិត្តដល់បងប្អូនក្រុមការងារដែលកំពុងតែស្ថាបនាផ្លូវ ដោយបានផ្តល់នូវ មីនិងទឹកសុទ្ធដល់បងប្អូនទាំងនោះ ព្រមទាំងបានជម្រុញឲ្យលោកប្រធានមន្ទីរសាធារណការខេត្ត ពិនិត្យមើលលទ្ធភាពបន្ថែមទៀត ដើម្បីធ្វើឲ្យផ្លូវក្នុងទីប្រជុំជនខេត្តកាន់តែល្អប្រសើរឡើងថែមទៀតពេលខាងមុខនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )