មានអ្នកញុះញង់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ឲ្យធ្វើការតវ៉ា?
ភ្នំពេញៈ ការតវ៉ារបស់ប្រជាពលរដ្ឋរស់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលជាតំបន់ក្រហម ទាមទាររកអំណោយកាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១គឺមានការញុះញង់ពីក្រុមជនអគតិមួយចំនួន នៅពីក្រោយក្នុងការរុញពួកគាត់ឲ្យផ្ទុះការតវ៉ា ដើម្បីកេងចំណេញនយោបាយ ខណៈដែលរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងទាំងយប់ ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋខ្វះខាត។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ មានមួយចំនួនបានដឹង និងមួយចំនួនមិនបានដឹងអំពីផែនការរៀបចំគម្រោងរបស់ក្រុមពួកអគតិដែលស្ថិតនៅ ក្រៅប្រទេសនោះទេ ដោយសារថា ក្នុងចំណោមប្រជាពលរដ្ឋដែលលេចមុខចេញមកតវ៉ារឿងអំណោយកាលពីយប់ថ្ងៃទី២៩ ខែមេសា គឺពួកគាត់បានទទួលអំណោយពីរដ្ឋបាលធានីភ្នំពេញរួចមកហើយនៅថ្ងៃទី២៩ មេសា នោះដែរ។ ប៉ុន្តែស្រាប់តែពេលយប់ស្រាប់តែលេចមុខពួកគាត់ចេញមកតវ៉ាសុំអំណោយទៀត។ សកម្មភាពនេះអាចឲ្យឃើញថា ការតវ៉ានេះ គឺមានអង្គការចាត់តាំងច្បាស់លាស់ និងមានការផ្តល់គំនិតដល់មេខ្យល់ ដើម្បីរៀបចំផែនការនេះ បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលថា មិនបានគិតគូរដល់ប្រជាពលរដ្ឋ។
ប្រភពដដែលបានបន្តថា ចំពោះសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋសុំអំណោយជាស្បៀងនេះ ពួកមេខ្លោងបានចាត់តាំងក្រុមបណ្តាញរបស់ខ្លួនឲ្យធ្វើសកម្មភាព រួចហើយថតរូបភាព បញ្ជូនទៅឲ្យពួកគេនៅ ក្រៅប្រទេស ហើយបង្ហោះផ្សព្វផ្សាយនិយាយអាក្រក់បំភ្លៃវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល ប៉ុន្តែចំពោះកិច្ចការទាំងនេះ គឺអាជ្ញាធរបានដឹងហើយ។
បើតាមប្រភពដាច់ដោយឡែកមួយទៀតបានបង្ហើបថា ក្រុមមេខ្លោងដែលកំពុងតែគេចខ្លួននៅក្រៅប្រទេស កាលពីយប់ថ្ងៃទី២៩ ខែមេសាបានដាក់ផែនការឲ្យក្រុមបណ្តាញ របស់ខ្លួននៅតាមបណ្តាលខណ្ឌមួយចំនួន ធ្វើសកម្មភាពញុះញង់ឱ្យប្រពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ ចេញមកខាងក្រៅផ្ទះ ឬខាងក្រៅតំបន់បិទខ្ទប់ដើម្បីធ្វើការដោះស្រាយបញ្ហាជីវភាព និងត្រូវឱ្យប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ត្រូវនាំគ្នាគោះចាន គោះឆ្នាំង ឬចងក្រណាត់សក្រវី និងស្រែកថា ក្រពះខ្ញុំកូរ ខ្ញុំដាច់បាយហើយ!។ បន្ទាប់ពីក្រុមមេខ្លោងបានប្រជុំដាក់ផែនការ ស្រាប់តែនៅយប់ថ្ងៃទី២៩ មេសា ដដែលនេះ ក៏មានការតវ៉ារបស់ប្រជាពលរដ្ឋរស់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ហើយជាពិសេសនោះក្នុងសកម្មភាពនេះ គឺក្នុងចំណោមពាក្យសរសេរលើបដាលើកតវ៉ា និងចងលើប៉ារាស់បិទខ្ទប់នោះ គឺវាស៊ីចង្វាក់គ្នាទៅនឹងអ្វីដែលពួកមេខ្លោងបានដាក់ចេញ។ សរុបជារួម គឺការតវ៉ានេះ មានការ ចាត់តាំងច្បាស់លាស់ និងបណ្តាញដឹកនាំធ្វើសកម្មភាពតវ៉ា។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែមេសា នេះថា ការចែកអំណោយដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ គឺរដ្ឋបាលរាជធានីភ្នំពេញ បានចុះចែកជាបន្តបន្ទាប់ ហើយកន្លែងណាដែលប្រជាពលរដ្ឋខ្វះខាត គឺក្រុមការងារបានចុះទៅចែកដល់កន្លែងនោះ។ ឯកឧត្តមអភិបាលបានបញ្ជាក់ថា “យើងកំពុងតែចែកជាបន្តបន្ទាប់រហូត ហើយកន្លែងណាខ្វះដូចកន្លែងហ្នឹង យើងឱ្យគ្នាយើងទៅ។ ហើយកន្លែងដែលតវ៉ាគឺទើបតែបិទខ្ទប់កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១”។
រីឯលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់កាលពីរសៀលថ្ងៃទី៣០ ខែមេសា នេះថា “យើងកំពុងតែស្រាវជ្រាវបន្តបន្ថែមទៀតករណីនីមួយៗ ហើយបើយើងស្រាវជ្រាវរកឃើញភាពមិនប្រក្រតី ជាពិសេសមានករណីញុះញង់ណាមួយយើងស្រាវជ្រាវទៅតាមនីតិវិធីច្បាប់”។ លោកបានបន្តថា ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋនេះ គឺវាអាចមានផ្ទះជួលខ្លះដែលក្រុមការងារមិនទាន់ចុះទៅដល់ ប៉ុន្តែជាគោលការណ៍ត្រូវធ្វើទៅតាមលំដាប់អាទិភាពដែលលំបាកទៅមុន។ ក្រុមការងារបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ហើយអ្វីដែលអាចធ្វើបាន គឺប្រឹងប្រែងធ្វើម៉េចការងារផ្តល់ជំនួយសង្គ្រោះបឋមជាការងារស្នូលមួយក្នុងចំណោមការងារស្នូលធំៗ សម្រាប់ការងារបិទខ្ទប់ ហើយប្រឹងប្រែងធ្វើម៉េចយក ជំនួយបឋមទៅដល់ផ្ទះរបស់ពួកគាត់។ បើសិនជាមានការចន្លោះប្រហោងកន្លែងណា ឬទៅមិនទាន់ដល់ ហើយពួកគាត់ជួបការលំបាកមុនពេលយើងទៅដល់ គាត់ប្រាប់ក្រុមការងារ គឺយើងយកទៅជូនពួកគាត់។ ជាមួយគ្នានេះ លោកបញ្ជាក់បន្ថែមថា “មកដល់ម៉ោងនេះ ភាពស្មោះត្រង់របស់ប្រជាពលរដ្ឋម្នាក់ៗ ហើយនឹងការចូលរួមចំណែករបស់ប្រជាពលរដ្ឋម្នាក់ៗ ជារឿងសំខាន់ សម្រាប់ឆ្លងកាត់ការលំបាកដំណាក់កាលកូវីដទាំងអស់គ្នា។ យើងកំពុងតែបន្តស្រាវជ្រាវបន្ថែមទៀតចំពោះករណីនីមួយៗ ព្រោះបើយើងស្រាវជ្រាវរកឃើញមានភាព មិនប្រក្រតី ជាពិសេស មានករណីញុះញង់ណាមួយ គឺស្រាវជ្រាវទៅតាមនីតិវិធីច្បាប់ទៀត”៕
ដោយៈពលជ័យ