រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីមន្ទីរសុខាភិបាលខេត្ត បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅទីប្រជុំជនផ្សារ ទូទាំងខេត្តប៉ៃលិន
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារមន្ទីរសុខាភិបាលខេត្ត ធ្វើការបាញ់ថ្នាំ កំចាត់មេរោគកូវីដ-១៩ នៅក្នុងបរិវេណផ្សារសាមគ្គី ហៅប៉ាហ៊ី ក៏ដូចជាទូទាំងខេត្តប៉ៃលិន ដើម្បីកុំឱ្យមេរោគដ៏កាចសាហាវមួយនេះ ឆ្លងចូលទៅក្នុងសហគមន៍ខេត្តប៉ៃលិន ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បានលើកឡើងថា មេរោគនៃជំងឺកូវីដ-១៩ គឺជាសត្រូវដ៏កាចសាហាវរបស់យើងរាល់គ្នា ដែលមើលមិនឃើញ ហើយមានគ្រោះថ្នាក់ ដូច្នេះ បើសិនជាយើងធ្វេសប្រហែសតែបន្តិច អាចនឹងបង្កឱ្យកើតមានហានីភ័យ ឆ្លងរាលដាលពីអ្នកកើតជំងឺនេះ មកខ្លួនឯង ឆ្លងទៅក្រុមគ្រួសារ រួចចូលក្នុងសហគមន៍ នាំឱ្យមានការលំបាកផងដែរ ។ លោកជំទាវអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករនៅក្នុងផ្សារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវពាក់ម៉ាស លាងដៃនឹងទឹកអាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពឱ្យបាន១.៥ ទៅ២ម៉ែត្រ និង ត្រូវអនុវត្តតាមវិធានរបស់ប្រមុខរាជរដ្ឋាភិបាល (៣ការ ពារ ៣កុំ) ព្រមទាំងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ម្យ៉ាងវិញទៀត សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រធានផ្សារ ត្រូវបន្តរឹតបណ្តឹង ដោយណែនាំដល់ប្រជាពលរដ្ឋ ដែលចូលទិញម្ហូបអាហារក្នុងផ្សារ ឱ្យពាក់ម៉ាសជាប់ជានិច្ច ។ បើមិនធ្វើតាមទេ គឺមិនអនុញ្ញាតឱ្យចូលផ្សារទិញម្ហូបបានឡើយ ។ ចំណែក អាជីវករលក់ដូរនៅតាមតូបនីមួយៗ បើមិនព្រមពាក់ម៉ាស ក៏មិនអនុញ្ញាតឱ្យលក់ដូរ ជូនប្រជាពលរដ្ឋបានដែរ ព្រោះបើសិនជានៅថ្ងៃណាមួយ មាននរណាម្នាក់ កើតឬឆ្លងជំងឺកូវីដ-១៩នេះ ចូលក្នុងផ្សារសាមគ្គី ឬផ្សារណាមួយក្នុងខេត្តប៉ៃលិន គឺនឹងត្រូវបិទផ្សារទាំងមូល ដែលនាំឱ្យខាតបង់ពេលវេលាក្នុងការលក់ដូរ ថែមទាំងបាត់បង់ប្រាក់ចំណូល អាចនឹងប៉ះពាល់ដល់ជីវភាពគ្រួសារប្រចាំថ្ងៃថែមទៀតផងដែរ ។
ចំណែកប្រជាពលរដ្ឋ និង អាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គី មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានឃើញអាជ្ញាធរខេត្ត ដឹកនាំក្រុមការងារបាញ់ថ្នាំបង្ការ និងកំចាត់មេរោគ ដ៏កាចសាហាវមួយនេះ ។ ជាពិសេសនោះ គឺពួកគាត់សង្កេតឃើញថា ជំងឺកូវីដ-១៩ មិនមានការផ្ទុះឡើងនៅក្នុងខេត្តប៉ៃលិនទេ ខណ:ដែលអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែង ដាក់កម្លាំងយាមល្បាត និងពិនិត្យយ៉ាងល្អិតល្អន់ទាំងយប់ទាំងថ្ងៃ នៅតាមបន្ទា ត់ព្រំដែនប្រទេសថៃ រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក៏ដូចជាធ្វើការតាមដានរាល់សភាពការនានា របស់ប្រជាពលរដ្ឋ ដែលចេញចូលនៅតាមមូលដ្ឋានផងដែរ ។
ពួកគាត់ក៏សូមជូនពរដល់លោកជំទាវអភិបាលខេត្ត និងក្រុមក្រុមគ្រួសារ ព្រមទាំងក្រុមការងារឱ្យមានកម្លាំងមាំមួន មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ក្នុងការបំពេញភារកិច្ចដ៏មមាញឹកក្នុងគ្រាលំបាកនេះ ឱ្យទទួលបាននូវជោគជ័យ ឈ្នះអស់មាសត្រូវ គឺឈ្នះជំងឺកូវីដ-១៩ តែម្តង ៕ ដោយ / គ្រី សម្បត្តិ