ប្រមុខការទូតអាមេរិកអះអាងថា ការកើនឡើងនៃឥទ្ធិពលរបស់ចិនកំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក
អាមេរិក៖ នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី៦០នាទីរបស់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បាននិយាយថា ការកើនឡើងនៃឥទ្ធិពលរបស់ចិនកំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក តាមរយៈសកម្មភាព ដែលអាមេរិកចាត់ទុកថា ជាទង្វើផ្ដាច់ការ និងឈ្លានពាន ។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលយើងបានឃើញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនកំពុងធ្វើសកម្មភាពកាន់តែផ្ដាច់ការនៅក្នុងស្រុក និងកាន់តែឈ្លានពាននៅក្រៅស្រុក… ហើយទាំងនេះគឺជាការពិត ។ ការអត្ថាធិប្បាយរបស់លោក អាន់តូនី ប្លីងគែន ខាងលើនេះ ធ្វើឡើងក្រោយ ប្រធានាធិបតីលោក ចូ បៃដិន នៅក្នុងសុន្ទរកថាជាលើកដំបូងទៅកាន់សភាអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍មុនបានបញ្ជាក់ថា លោកមិនចង់បង្កជម្លោះជាមួយចិននោះទេ ។
ប៉ុន្តែលោក បៃដិន សង្កត់ធ្ងន់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងដឹកនាំចិនក្នុងការប្រជែងគ្រប់គ្រងពិភពលោកនៅក្នុងសតវត្សរ៍ទី ២១ នេះ ដែលតម្រូវអោយអាមេរិកចាត់វិធានការឆ្លើយតប ហើយស្វាគមន៍រាល់ការប្រកួតប្រជែង ៕ ប្រភព៖ CNA