ក្រុមថ្នាលយុវជនទំាងពីរឈុតនៅសាលាបាល់ទាត់ជាតិបាទីនៅតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំ

អត្ថបទដោយ៖
សារ៉ាន ទីងី

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញពីសកម្មភាពហ្វឹកហាត់ក្រុមយុវជន២ឈុត គឺឈុតយុវជន អាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំនៅតែបន្តការហ្វឹកហាត់បង្កើនគុណភាបបច្ចេកទេស នៅសាលាកីឡាបាល់ទាត់ជាតិបាទីជារៀងរាល់ថ្ងៃ តាមកាលកាលវិភាគហ្វឹកហាត់ជាធម្មតាជាមួយការប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលជំងឺកូវីដ១៩នៅប្រទេសកម្ពុជា។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា ការហ្វឹកហាត់នៅតែបន្តធ្វើជាប់ជាប្រចាំដោយមិនបានផ្អាកនោះទេ ដោយសារនៅសាលាកីឡាបាល់ទាត់ជាតិបាទីមានសុវត្ថិភាព និងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ សម្រាប់ការរស់នៅ និងហ្វឹកហាត់។

នេះជាកម្មវិធីហ្វឹកហាត់យូរអង្វែងចាប់ពី១៣-១៤ឆ្នាំឡើងទៅ ហើយអ្វីដែលសំខាន់គឺការចូលរួមប្រកួតថ្នាក់ជាតិ ដោយសាលាបានរៀបចំក្រុមU15 មួយក្រុម ដែលជ្រើសរើសពិសេសចេញពីក្នុងចំណោមយុវជនU15 មានយុវជនល្អៗ និងមានទម្រង់លេងល្អជាងគេ។ ក្រុមជម្រើសឈុតU15នេះនឹងជំរុញឲ្យចូលរួមប្រកួតនៅក្នុងការប្រកួតU18 តែម្តង រីឯក្រុមឈុត U18 នឹងត្រូវឲ្យចូលរួមលេងនៅក្នុងកម្រិតលំដាប់ទី២ផងដែរ។

លោកអគ្គលេខាធិការបន្ថែមទៀតថា ជារៀងរាល់ឆ្នាំ សហព័ន្ធបាល់ទាត់កម្ពុជាតែងតែរៀបចំព្រឹត្តិការណ៍ប្រកួតទាំងពីរកម្រិត គឺជម្រើសជើងជើងឯកយុវជនU15 និងU18 នេះ ដែលតាមធម្មតាការហ្វឹកហាត់ត្រូវតែមានការប្រកួត ដើម្បីបានវាស់ស្ទង់ពីគុណភាពបច្ចេកទេសក្នុងគោលដៅឲ្យដំណើរការអភិវឌ្ឍបច្ចេកទេសកាន់តែល្អប្រសើរ។

សម្រាប់គោលដៅចូលរួមប្រកួតអន្តរជាតិ ក្នុងឆ្នាំ២០២១នេះ មិនសង្ឃឹមថាបានទៅលេងនោះទេ ដោយសារវិបត្តិជំងឺកូវីដ-១៩នៅតែបន្តយាយីយ៉ាងខ្លំាងក្លា ដូច្នេះហើយកន្លងមកកម្មវិធីប្រកួតយុវជនអាស៊ានត្រូវបានលុបចោលជាបន្តបន្ទាប់ ហើយរយៈពេលទៅមុខទៀត ជាពិសេសគឺចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១មិនមានគម្រោងការប្រកួតអ្វីនោះទេ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner