អាជ្ញាធរខេត្តក្រចេះ សម្រេចបិទការចេញ-ចូលទីតាំងចំនួន៤កន្លែង នៅក្នុងក្រុងក្រចេះ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត

អាជ្ញាធរខេត្តក្រចេះ  បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះ អាសន្ននូវទីតាំងចំនួន៤ កន្លែង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត ។

ការសម្រេចបិទទីតាំងទាំង៤កន្លែងនេះ គឺធ្វើឡើងបន្ទាប់ពីទីតាំងខាងលើនេះ មានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ កាលពីពេលថ្មីៗនេះ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ទីតាំងសំខាន់ៗទាំង៤កន្លែងរួមមាន ទី១.បន្ទប់ពិគ្រោះព្យាបាលជំងឺ(យីហោ) ទាវ ប៊ូ  ទី២.ឱសថស្ថានរង សុខ ខេង ទី៣. ហាង លីកាម៉ាត២៥០០ និងទី៤ ហាងមីហិរ សេអ៊ូល ៧កំរិត ដែលទីតាំងទាំងនេះស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់អូរឫស្សី ក្រុងក្រចេះ។

ពាក់ព័ន្ធ ការចេញសេចក្តីប្រកាសបិទទីតាំងខាងលើ គឺ រដ្ឋបាលខេត្តក្រចេះ បានប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀតឈ្មោះ ប៉ូវ សុនិកា ភេទស្រី អាយុ២៣ឆ្នាំ មានស្រុក កំណើតនៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ស្ត្រីដែលមានវិជ្ជមានកូវីដ១៩ បានធ្វើដំណើរតាមរថយន្តជាមួយឈ្មោះ តាំន វេងម៉េង មកពីភូមិដីដុះ ឃុំប៉ឹស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ហើយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានឈ្មោះ តាំន វេងម៉េង មានផ្ទុកវីរុសកូវីដ១៩ នោះ មន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ចូនឈ្មោះ ប៉ូវ សុនិកា មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានយកសំណាក់តេស្តរកមេរោគកូវីដ-១៩ ជាលទ្ធផលឈ្មោះ ប៉ូវ សុនិកា គឺមានផ្ទុកជំងឺកូវីដ-១៩។

បច្ចុប្បន្នឈ្មោះ ប៉ូវ សុនិតា ត្រូវបានក្រុមគ្រូពេទ្យដាក់សម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តក្រចេះ។

អាជ្ញាធរក៍បានអំពាវនាវ ដល់សាធារណជន និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យយកសំណាក់ពិនិត្យ និងធ្វើចត្តាឡីស័ក។  ដោយឡែកអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

សូមបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ថ្មីនេះ គឺជាករណីទី៤ហើយសម្រាប់ខេត្តក្រចេះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ដោយអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់កាលពីពេលកន្លងទៅ បានព្យាបាលជាសះស្បើយ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយទៅលំនៅដ្ឋានវីញ៕ ដោយម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner