អភិបាលខេត្តបាត់ដំបង៖​ រដ្ឋបាលខេត្តបានទទួលនិងត្រៀមរថយន្តកងទ័ព ដើម្បីធ្វើការដឹកជញ្ជូនបងប្អូនប្រជាពលករដែលវិលត្រឡប់ចូលមកពីថៃតាមច្រកទ្វារអន្តរជាតិដូង ដើម្បីឆ្ពោះទៅកាន់រាជធានី-ខេត្ត របស៎ខ្លួនវិញ

អត្ថបទដោយ៖
Kien Sereyvuth

 ក្នុងការចុះត្រួតពិនិត្យមើលពីស្ថានភាពបងប្អូនប្រជាពលករដែលបានវិលត្រឡប់ពីប្រទេសថៃវិញនៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ថ្មីៗនេះរដ្ឋបាលខេត្ត បានទទួលនូវរថយន្តចំនួន ៥០គ្រឿង ដើម្បីត្រៀមបម្រុងដឹកជញ្ជូនបងប្អូនប្រជាពលករ បានវិលត្រឡប់ទៅតាមបណ្តារាជធានី-ខេត្តរបស់ខ្លួនវិញ។ហើយរថយន្តដែលគ្រោង និងដឹកបងប្អូនពលករនេះគឺជារថយន្ត កងយោធពលខេមរភូមិន្ទដែលស្ថិតក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

      នៅក្នុងដំណើរអញ្ជើញសាកសួរសុខទុក្ខ ដល់ក្រុមការងារប្រចាំការនៅមាត់ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងនិងចុះទៅពិនិត្យមើល អំពីវឌ្ឍនៈភាពក្នុងការទទួល និង ត្រួតពិនិត្យសុខភាពពលករ នៅច្រកទ្វារខាងលើនេះ។ ក្មុងនោះ ក៏មានវត្តមានអមដំណើរពីថ្នាក់នាំជាអភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរមួយចំនួន និង វត្តមានចូលរួមពីអាជ្ញាធរស្រុក កងកម្លាំង មន្ត្រីស្ថាប័នមន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួន ដែលឈរជើងប្រចាំការទីនោះផងដែរ។

          ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានពិនិត្យមើលទីតាំងរៀបចំគ្រោងបំពាក់នូវម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់ធ្វើការស្កេនកំដៅ នៅមាត់ច្រកទ្វារអន្តរជាតិដូង។ហើយម៉ាស៊ីនស្កេននេះ បាននិងកំពុងតែដំណើរការសាងសង់។ ឯកឧត្តមក៏បានសំណូមពរ ជំរុញឲ្យអ្នកបច្ចេកទេស ខិតខំពន្លឿនការសាងសង់តម្លើងម៉ាស៊ីនស្កេនកម្តៅនេះឲ្យបានឆាប់រួចរាល់ ដើម្បីដំណើរការបានទាន់ពេលវេលា។

      បើតាមការអះអាង និងការគូសបញ្ជាក់ ពីមន្ត្រីចត្តាឡីស័ក ដែលប្រចាំការ នៅច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា៖ការសាងសង់កន្លែងស្កេនកំដៅស្វ័យប្រវត្តិនេះ អាចនិងរួចរាល់ រយៈពេល ០២ថ្ងៃទៀត។ ដោយក្នុងនោះ ក្រុមជាងសាងសង់ក៏បានធ្វើការសាងសង់ទាំងថ្ងៃ ទាំងយប់ រហូតដល់ម៉ោង១២យប់ ទើបក្រុមជាង ឈប់សម្រាក។
      
     នៅក្នុងឱកាសនេះដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ប្រតិភូអមដំណើរ ក៏បានបន្តដំណើរពិនិត្យមើលទីតាំង២កន្លែង ផ្សេងទៀត ដែលត្រៀមបម្រុងដើម្បីរៀបចំទទួលនិងពិនិត្យព្យាបាលតាមដានពីសុខភាពរបស់បងប្អូនពលករទាំងនោះ។ទីតាំងទី១ នៅមាត់ច្រកទ្វារព្រំដែនស្ថិតក្នុងកាស៊ីណូអ៊ីហ្គល (Eagle Casino) សម្រាប់ទទួលពលករដែលចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូងនិងទីតាំងទី២ ស្ថិតនៅមណ្ឌលសុខភាព ឃុំត្រាង ស្រុកកំរៀង ដោយបានរៀបចំសម្រាប់ពិនិត្យ និងព្យាបាលនៅទីនោះ ក្នុងករណីសង្ស័យមានផ្ទុកមេរោគកូវីដ-១៩។

       ក្នុងឱកាសចុះសាកសួរសុខទុក្ខ និង ចុះត្រួតពិនិត្យ តាមដានអំពីវឌ្ឍនៈភាព ក្នុងការទទួល និងពិនិត្យសុខភាពបងប្អូនប្រជាពលករ ដែលបានវិលត្រឡប់តាមច្រកទ្វារព្រំដែនខាងលើនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បាននាំយកនូវ អាល់កុល ចំនួន៤ ពីដុង ស្មើ១២០លីត្រ និងម៉ាស់ ចំនួន ២៩ប្រអប់ ដែលបានមកពីសប្បុរជនចូលរួម នៅក្នុងមូលធិនិ បង្ការនិងទប់ស្កាត់ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ខេត្តបាត់ដំបង  ជូនដល់រដ្ឋបាលស្រុកសម្រាប់ធ្វើការបែងចែកបន្តផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner