ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃទី៧ឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការបើកប្រតិបត្តិការបើកយុទ្ធនាការចាក់វ៉ាក់សាំងនោះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង។ តំបន់ក្រហមត្រូវគេរាយការណ៍ថា មាននៅក្នុងភូមិ សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន៥ រួមមានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឬស្សីកែវ។

ប៉ុន្តែយុទ្ធនាការចាក់វ៉ាក់សាំងរបស់កងទ័ពនៅតំបន់ក្រហមចាប់តាំងពីថ្ងៃសទី១ឧសភាមក គឺទើបតែធ្វើឡើងនៅក្នុងខណ្ឌចំនួន៤ប៉ុណ្ណោះរួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ បើយោងតាមរបាយការណ៍ក្រសួងការពារជាតិ ចេញផ្សាយថ្ងៃទី៦ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១ នៅតំបន់ក្រហមបានចំនួន២៤ម៉ឺន៦ពាន់៧០២នាក់។

យោងតាមក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៦ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន១ លាន ៦សែន ៦ពាន់ ៧នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner