នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្តល់ត្រីខ ១ពាន់កេសដល់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ខណៈដែលក្រុមប្រតិបត្តិការកងទ័ព កំពុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភាពសស្រាក់សស្រាំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃទី៧ឧសភាឆ្នាំ២០២១បានផ្តល់ត្រីខកំប៉ុងចំនួន ១ពាន់កេស ដល់កងយោធពលខេមរភូមិន្ទ។
ជាមួយនឹងការផ្ដល់ជូននូវត្រីខកំប៉ុងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានជូនពរដល់កងកម្លាំងប្រតិបត្តិការចាក់វ៉ាក់សាំងទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៍ និងទទួលបានជោគជ័យក្នុងភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមការប្រគល់ភារកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យតាំងពីថ្ងៃទី១ឧសភាឆ្នាំ២០២១មក។
រីឯខណ្ឌឫស្សីកែវ ដែលមានតំបន់ក្រហមក្នុងសង្កាត់ទួលសង្កែទី១ បានចាប់វ៉ាក់សាំងនៅថ្ងៃទី៧ឧសភានេះ។ ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួន១ពាន់៤៩០នាក់ ក្នុងនោះរួមមាន ក្រុមការងារចាក់វ៉ាក់សាំងចំនួន៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ ចំនួន៩០ក្រុម មានចំនួន៩០០នាក់, ក្រុមដឹកជញ្ជូនចំនួន១០ក្រុម មានចំនួន៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំងមានចំនួន ២៧០នាក់។
យោងតាមរបាយការណ៍ក្រសួងការពារជាតិ វាបឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ឧសភាឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១ នៅតំបន់ក្រហមបានចំនួន ២៤ម៉ឺន ៦ពាន់ ៧០២នាក់។