ក្រសួងអប់រំបញ្ជាក់ប្រាប់មន្ទីរអប់រំ រាជធានី ខេត្តពីការដាក់ឲ្យដំណើរការ នូវកម្មវិធីស្វ័យសិក្សា MoEYS E-Learning App
រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ប្រាប់ដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តពី ការដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីស្វ័យសិក្សា MoEYS E-Learning App។
ពាក់ព័ន្ធក្នុងរឿងនេះក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាតាមរយៈកិច្ចសហការរវាងក្រសួងអប់រំ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមគ្នាផលិតកម្មវិធីទូរសព្ទដៃឆ្លាតវៃមានឈ្មោះថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងស្របតាមចក្ខុវិស័យរបស់ក្រសួង និងបរិបទឧស្សាហកម្ម ៤.០ ក៏ដូចជាការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីត-១៩ ដែលកំពុងរីករាលដាលនៅក្នុង ប្រទេសកម្ពុជា និងសកលលោក។
ក្រសួងបន្តឱ្យដឹងថា កម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិក ដូចជា៖ សៀវភៅសិក្សាគោល សៀវភៅកំណអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។
ជាមួយគ្នាក្រសួងអប់រំ គ្រោងនឹងដាក់ ដំណើរការកម្មវិធីនេះឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដែលសិស្សានុសិស្ស អ្នក អាណាព្យាបាលសិស្ស គ្រូបង្រៀន និងសាធារណជនទូទៅ អាចទាញយកនៅលើ PlayStore AppStore និង App Gallery ឬ តាមរយៈតំណ http://onelink.to/moeysapp ដើម្បីយកមកប្រើប្រាស់៕ដោយ៖ម៉ាដេប៉ូ