អំណោយរបស់លោកជំទាវ ឃួន សុដារី បានប្រគល់ជូនឃុំចំនួន ៤ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ លោកជំទាវ កិត្តិសង្គហបណិ្ឌត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាអនុប្រធានទី ១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានចាត់អោយក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ នាំយកអំណោយដ៏ថ្លៃថ្លា ប្រគល់ជូនឃុំចំនួន ៤ ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកខ្វះខាត និងសម្រាប់ប្រើប្រាស់បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងឃុំព្រែកដាច់ ឃុំខ្ពបអាទាវ ឃុំពាមរាំង និងឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។

សូមបញ្ជាក់ផងដែរថា អំណោយនាំមកជូនដល់ប្រជាពលរដ្ឋចំនួន ១៨៦០ គ្រួសារ ក្នុងឃុំទាំង ៤ នាពេលនេះ ជាស្បៀងបរិភោគ និងថ្នាំពេទ្យ រួមមាន អង្ករ ១៨តោន មី ១៨៦០ កេស ត្រីខកំប៉ុង ១៨៦០ យួរ និងកញ្ចប់ថ្នាំសម្រាប់គ្រួសារ ចំនួន ១០០០កញ្ចប់ រួមមាន ថ្នាំឈឺចុកពោះ ថ្នាំរាគរុស ថ្នាំអាលែហ្សី និងផ្តាសាយ សម្រាប់ប្រើប្រាស់ និងចែកជូនប្រជាជនពលរដ្ឋនៅក្នុងស្រុកលើកដែក សរុបជាទឹកប្រាក់ប្រមាណ ១៥៣,៨៣៥,០០០ រៀល។

ក្នុងឱកាសនៃពិធីប្រគល់-ទទួលនោះដែរ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោកជំទាវ កិត្តិសង្គហបណិ្ឌត ឃួន សុដារី ជូនចំពោះក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងកោតសរសើរអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីយកចិត្តទុកដាក់ចំពោះសេចក្តីសុខ ជីវភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋក្នុងឃុំទាំង ៤ ខាងលើ ក៏ដូចជាក្នុងដំណាក់កាលដ៏លំបាកនៃការរាតត្បាតមេរោគកូវីត ១៩ នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយជាពិសេសសូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ គូសបញ្ជាក់ផងដែរថា លោកជំទាវ កិត្តិសង្គហបណិ្ឌត ឃួន សុដារី តែងតែគិតគូរយកចិត្តទុកដាក់រាល់ការលំបាករបស់បងប្អូនក្នុងស្រុកលើកដែក ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏លោកជំទាវ រួមទាំងថ្នាក់ដឹកនាំដទៃទៀតនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពាំនាំប្រសាសន៍របស់លោកជំទាវ ធ្វើការក្រើនរំលឹក និងអប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា វិធានការ ៣ កុំ ៣ ការពារ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត ១៩ និងកាត់ផ្តាច់អោយអស់នូវការឆ្លងជំងឺនេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ សូមជម្រាបជូនដែរថា ចំពោះស្ថានការណ៍កូវីត ១៩ ក្នុងស្រុកលើកដែក ករណីអ្នកឆ្លងសរុប ៥ នាក់ ក្នុងនោះជាសះស្បើយ ៤ នាក់ និង ៦៥ នាក់ផ្សេងទៀតកំពុងបន្តធ្វើចត្តាឡីស័ក។

ជាចុងក្រោយ អភិបាលស្រុក និងឃុំទាំង ៤ តំណាងប្រជាពលរដ្ឋទាំងអស់ដែលបានទទួលអំណោយ បានថ្លែងអំណរគុណដល់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល សប្បុរសជន ព្រមទាំងក្រុមការងារក្នុងស្រុកទាំងអស់ ដែលជានិច្ចកាលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ មិនថាគ្រាលំបាក ឬមានគ្រោះអាសន្ន យ៉ាងណាក្តី តែងតែចុះមកជួយបានទាន់ពេលវេលារហូតមក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner