ក្រុមហ៊ុន Pfizer-BioNTech យល់ព្រមបរិច្ចាគវ៉ាក់សាំងបង្ការ Covid-19 ចាក់ដល់អត្តពលិក និងបុគ្គលិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូ
ប៊ែលហ្ស៊ិក៖ ក្រុមហ៊ុនផលិតឱសថយក្សអាមេរិក Pfizer និងដៃគូរអាល្លឺម៉ង់របស់ខ្លួនគឺ BioNTech បានប្រកាសពីកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិក និងបុគ្គលិក នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលនឹងត្រូវប្រារព្ធឡើងនៅឆ្នាំនេះ ក្រោយពន្យារពេលដោយសារការឆ្លងរាលដាលនៃវីរុសនេះ ។
គណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ជាផ្នែកមួយនៃផែនការ ដើម្បីធានានូវការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០ប្រកបដោយសុវត្ថិភាពនោះ IOC បានប្រកាសចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Pfizer-BioNTech ដើម្បីបរិច្ចាគវ៉ាក់សាំង Covid-19 សម្រាប់អ្នកចូលរួមប្រកួតមកពីគណៈកម្មាធិការជាតិអូឡាំពិក និងប៉ារ៉ាឡាំពិកនៅជុំវិញពិភពលោក ។ គណៈកម្មាធិអូឡាំពិកអន្តរជាតិបន្ថែមថា អ្នកចូលរួមប្រកួតជាច្រើននឹងត្រូវបានចាក់វ៉ាក់សាំង មុនពេលទៅដល់ប្រទេសជប៉ុន ដោយផ្អែកលើការឆ្លើយតបពីគណៈកម្មាធិការជាតិអូឡាំពិក (NOCs) និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកជាតិ (NPCs) ។
សូមជម្រាបថា ការប្រកួតព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ត្រូវបានគេរំពឹងថា នឹងមានអត្តពលិកចូលរួមជាង១ម៉ឺន១ពាន់នាក់ ដោយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហាខាងមុខ ប៉ុន្តែមិនមានអ្នកទស្សនាបរទេសនោះទេ ដោយសារតែវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់ជំងឺ Covid-19 ៕ ប្រភព៖ CNA