ឯកឧត្តម វេង សាខុន ថ្លែងថា “ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល”
បន្ទាប់ពីបានទទួលដំណឹងថា ប្រជាពលរដ្ឋចំនួន៤០គ្រួសារ កំពុងប្រឈមបញ្ហាខ្វះទីជម្រក និងស្បៀងអាហារ ដោយសារខ្យល់កន្រ្ទាក់កាលពីយប់ថ្ងៃទី០៥ឧសភា កន្លងទៅ នៅថ្ងៃទី៨ ខែឧសភា ឆ្នំា២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា រួមនឹងសមាជិក សមាជិការបក្ស បានរៀបចំបេសកកម្មបន្ទាន់មួយដើម្បីចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ជាក់ស្តែង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំង៤០គ្រួសារ ដែលមាននៅ៖ក្នុងឃុំចំនួន៦ (ឃុំព្រៃចារ សូទិប ស្តើងជ័យ សំពងជ័យ ខ្នុរដំបង និងឃុំផ្តៅជុំ) នៃស្រុកជើងព្រៃ ឲ្យបានទាន់ពេល “ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល”។
លោក អួត ឈាងលី គណអភិបាលស្រុកជើងព្រៃ បានរាយការណ៍ជូនឯកឧត្តមវេង សាខុន បានជ្រាប អំពីស្ថានភាពជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ និងជំនួយបឋមគឺតង់ប្រក់ដំបូលជូន ហើយយោងលើការវាយតម្លៃការខូចខាតទាំង៤០ខ្នងផ្ទះ ក្នុងនោះ៣ខ្នងផ្ទះខូចខាតទាំងស្រុង និង៣៧ខ្នងផ្ទះទៀតខូចខាតដំបូល រួមទាំងដំបូលព្រះវិហារ០១ផងដែរ។ ក្នុងនាមឲ្យអាជ្ញាធរស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋទាំង ៤០គ្រួសារ លោកអភិបាលនៃគណអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំទាំង៦ ដែលបានគិតគូ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនដែលទទួលរងគ្រោះ ដោយបានជួយឧបត្ថម្ភជាស្បៀងសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសម្ភារប្រើប្រាស់ជាជម្រកបានទាន់ពេលវេលា។
ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះ ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញចុះមកផ្ទាល់ ដើម្បីពិនិត្យ វាយតម្លៃ លើការខូចខាត និងដាក់ចេញនូវគោលនយោបាយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្ទាន់។ ជាក់ស្តែងអំណោយស្បៀងសង្រោះបន្ទាន់ដែលបានចែកជូនប្រជាជនចំនួន៤០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គក្រ; មី១កេះ; ទឹកស៊ីអ៊ីវ មួយយួរ; ត្រីខ មួយកេះ និងតង់កៅស៊ូចំនួន ៣ ត្រូវបានឯកឧត្តមនាំយកមកចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ ។ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង រួមសហការគ្នាបានល្អក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងអាជ្ញាធរមូលដ្ឋាន និងឯកឧត្តមប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំទាំង ៦។ កាយវិការដ៏ប្រពៃនេះ បានបង្ហាញឲ្យឃើញពីទំនួលខុសត្រូវខ្ពស់ចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខរបស់បងប្អូននៅមូលដ្ឋានគ្រប់កាល:ទេស: និងគ្រប់ក្រុមគ្រួសារ។ ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ -១៩ ឯកឧត្តមប្រធានបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនឲ្យបាន៕