សម្តេចតេជោ ហ៊ុន សែន៖ ការជឿទុកចិត្តគ្នា គឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា «ការជឿទុកចិត្តគ្នា គឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ។ ដើម្បីទទួលបានការ ជឿទុកចិត្តនេះ យើងត្រូវការកិច្ចសន្ទនាដ៏ស្មោះត្រង់រវាងអ្នកពាក់ព័ន្ធផ្សេងៗគ្នា ទាំងរដ្ឋ ទាំងស្ថាប័នមិនមែនរដ្ឋ»។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារអបអរសាទរក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៦ និងកម្មវិធីប្រកាស «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ (THINK TANK 2022)» ជាមួយនឹងថ្នាក់ដឹកនាំស្រលាញ់សន្តិភាព នៅជុំវិញពិភពលោក ដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល (Universal Peace Federation – UPF) ដែលនឹងផ្សព្វផ្សាយដល់អ្នកទស្សនាជុំវិញពិភពលោកជាង៤០០លាននាក់ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
សម្តេចតេជោ នាយករដ្ឋមន្ត្រីជឿជាក់ថា «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ដោយផ្អែកលើប្រាជ្ញារួមគ្នា និងជំនាញរបស់អ្នកជំនាញ ព្រមទាំងអ្នកអនុវត្តផ្ទាល់មកពីតំបន់ និងពិភពលោក នឹងផ្តល់នូវវិធីសាស្រ្តរួមថ្មីមួយ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ» ផងដែរ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី១ កាលពីឆ្នាំ២០២០ម្តងហើយ។
សូមជម្រាបផងដែរថា គំនិតផ្តួចផ្តើមសន្តិភាពដែលត្រូវបានសម្ពោធជាផ្លូវការនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកដោយផ្តោតការយកចិត្តទុកដាក់ទៅលើសន្តិភាពពិភពលោក។ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ នឹងជួយជំរុញគំនិតប្រាជ្ញាដល់បណ្តាមេដឹកនាំគំនិត អ្នកជំនាញ និងអ្នកនយោបាយជាប់ឆ្នោតកំពូលៗ ស្របពេលជាមួយនឹងការបន្លឹឡើងនូវសំឡេងរបស់អ្នកដែលយល់ពីតម្លៃនៃសេរីភាព ជំនឿជាក់ សេចក្តីសុខ សុភមង្គលគ្រួសារ និងការរស់នៅដើម្បី ជាប្រយោជន៍ដល់មនុស្សយើងទាំងអស់គ្នា។
ថ្នាក់ដឹកនាំផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីនាពេលនេះរួមមាន៖ លោកជំទាវបណ្ឌិត Hak Ja Han Moon សហប្រធានស្ថាបនិកសហព័ន្ធសន្តិភាពសកល ឯកឧត្តម Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម José Manuel Barroso អតីតប្រធានគណៈកម្មាធិការអឺរ៉ុប (២០០៤-២០១៤) ឯកឧត្តម Mohamad Bazoum ប្រធានាធិបតីនីហ្គឺ ឯកឧត្តម Mike Pence អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក (២០១៧-២០២១) ឯកឧត្តម David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក ឯកឧត្តម Newt Gingrich អតីតប្រធានសភាអាមេរិក (១៩៩៥-១៩៩៩) លោក Jim Rogers ប្រធានក្រុមហ៊ុន Rogers ហូលដីង ឯកឧត្តម Mark Esper អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក (២០១៩-២០២០) ឯកឧត្តម Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក (២០១៨-២០២១)៕
ដោយ : ពលជ័យ