អាជ្ញាធរខេត្តកំពង់ស្ពឺ អំពាវនាវអោយបងប្អូនថែទាំសុខភាព និងកុំចាកចេញពីភូមិ ក្នុងកំឡុងពេលបិទខ្ទប់

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម វ៉ី  សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយខិតខំថែរក្សាសុខភាព ក្នុងគ្រាដែលកំពុងធ្វើចត្តាឡីស័ក និងកុំចាកចេញពីភូមិ ក្នុងកំឡុងពេលកំពុងធ្វើការបិទខ្ទប់។ ថ្លែងឡើងដូច្នេះក្នុងឱកាសចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារសង្គ្រោះបឋមរបស់កាកបាទក្រហម ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ដែលកំពុងរងការបិទខ្ទប់អោយធ្វើចត្តាឡីស័ក ក្រោយមានការផ្ទុះជំងឺកូវីដ-១៩ក្នុងភូមិ។

      យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកបានឱ្យដឹងថា ភូមិត្នោតជ្រុំ ជាភូមិមួយដែលមានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៦នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺក្នុងរោងចក្រមួយ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តក៏សម្រេចធ្វើការបិទខ្ទប់ភូមិ ជាបណ្តោះអាសន្ន និងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ពន្ធ័ចំនួន១១២គ្រួសារ ធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពរបស់ពួកគាត់។

        ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ការដាក់ខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃ គឺមិនយូរទេ ហើយរដ្ឋបាលធ្វើការបិទខ្ទប់នេះ ក៏ដើម្បីសុវត្ថិភាពរបស់បងប្អូន និងអ្នកភូមិជាមួយដែរ ។ ជំងឺកូវីដ-១៩ វាជាជំងឺដ៏កាចសាហាវមួយដែលអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បានយ៉ាងលឿន ហើយនិងបន្តទៅមនុស្សនៅជុំវិញខ្លួនយ៉ាងច្រើនបន្ថែមទៀតបើប្រសិនជាមិនបានប្រុងប្រយត្ន័ និងការពារខ្លួន។ ដូច្នេះដើម្បីជៀសផុតពីការឆ្លងនិងចម្លងជំងឺនេះគឺចាំបាច់បងប្អូនត្រូវអនុវត្តវិធានការការពារសុខាភិបាលនិងវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុត។ ហើយមួយវិញទៀតក្នុងកំឡុងកំពុងធ្វើចត្តាឡីសក័នេះ សូមបងប្អូនខិតខំថែរក្សាសុខភាពតាមរយៈហូបស្អាត រស់នៅស្អាត មានអនាម័យ រស់នៅតាមរបៀបរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវ ហើយពិសេសសូមកុំចាកចេញពីភូមិក្នុងពេលកំពុងបិទខ្ទប់នេះ៕ដោយ៖ម៉ុន សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner