ប្រជាពលរដ្ឋ១២០គ្រួសារក្នុងក្រុងតាខ្មៅបានទទួលអំ ណោយពីរដ្ឋបាលខេត្ត

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទទួលបានអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១១ ខែឧសភា  ឆ្នាំ២០២១។

មានប្រសាសន៍សំណេះសំណាល ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងទៅនឹងមេរោគដ៏កាចសាហាវ កូវីដ-១៩ ហើយក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតជាក់ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តអោយត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឲ្យបាននាពេលខាងមុខ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាល ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩  ពីព្រោះវាជាបញ្ហាប្រឈមរួមរបស់យើងទាំងអស់គ្នា ដែលតំរូវឲ្យតែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា  ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារ អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍។ ត្រូវរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ជាមួយអជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈបានឆាប់រហ័សនាពេលខាងមុខនេះ។

 អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ១២០គ្រួសារ  ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ មី ១កេស និងត្រីខ ២យួរ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner