តុលាការ សម្រេចបង្គាប់ឱ្យដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនី My TV នៅក្រៅឃុំជាបណ្តោះអាសន្ន

ភ្នំពេញ៖ យោងតាមដីកាបង្គាប់អោយដោះលែង របស់លោក កូយ សៅ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ សម្រេចបង្គាប់អោយដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV នៅក្រៅឃុំជាបណ្តោះអាសន្ន តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ការសម្រេចដោះលែងនេះ ក្រោយពីមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

គួររំលឹកថា កញ្ញា មាន ពេជ្ររីតា ជាប់ចោទពីបទ «លួចមានស្ថានទម្ងន់ទោស» ពាក់ព័ន្ធការយកកាំបិតចុងស្រួច ចាក់ទៅលើលោកឧកញ៉ា ហេង សៀ ចំនួន២កាំបិត បណ្តាលអោយរងរបួសក្បាលពោះស្តាំធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៣៨កែងផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា៣៥៣ និង មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

ទន្ទឹមនេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា ក៏បានដាក់ពាក្យបណ្តឹង ប្តឹងបកលោកឧកញ៉ា ហេង សៀ វិញ ដោយចោទប្រកាន់ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ក្នុងរថយន្ត ។

សូមជម្រាបថា ពាក់ព័ន្ធករណីប្ដឹងទៅ ប្ដឹងមកនេះ ភស្តុតាងនៅកន្លែងកើតហេតុជាវីដេអូកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញពីជម្លោះរវាងកញ្ញា មាន ពេជ្ររីតា និង លោកឧកញ៉ា ហេង សៀ ប្រទូស្តរាយគ្នានៅក្នុងរថយន្ត ។

នៅក្នុងវីដេអូ គេឃើញឧកញ៉ា ហេង សៀ ស្ទុះចេញពីរថយន្តនៅត្រង់កន្លែងបើកបរ ដួលផ្ងាររួចទើបស្ទុះរត់ទៅក្រោយរថយន្តបាត់ទៅ ។ ភ្លាមៗនោះគេឃើញកញ្ញា មាន ពេជ្ររីតា បើកទ្វាររថយន្តចេញពីបាំងខាងក្រោយ ដៃម្ខាងកាន់កាំបិត ដៃម្ខាងកាន់ទូរស័ព្ទ ស្ពាយកាបូប ចេញមកដើរទៅខាងក្រោយរថយន្ត មួយសន្ទុះទើបដើរទៅមុខរថយន្តបាត់ទៅ ។

ទន្ទឹមគ្នានេះ តាមប្រភពព័ត៌មាន បានអោយដឹងថា លោកឧកញ៉ា ហេង សៀ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ ដែលក្រុមគ្រូពេទ្យ កំពុងតាមដាននៃការវិវត្តអាការៈជំងឺរបស់លោក ៕ ដោយលោក ប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner