យន្តការពង្រឹងគុណភាពសេវាសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

«ដើម្បីទទួលបានទិន្នន័យពេញលេញសម្រាប់រៀបចំគោលនយោបាយ និងធ្វើការសម្រេចចិត្តដោះស្រាយបញ្ហាគ្រប់ទីកន្លែងបានគ្រប់ជ្រុងជ្រោយ ក្រសួងបានបង្កើត “ក្រុមការងារលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” តំបន់ប្រតិបត្តិចំនួន ៥» នេះជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំតំបន់ប្រតិបត្តិទាំង៥ និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ទាំង២៤ តាមរយៈប្រព័ន្ធអនឡាញ Zoom ចាប់តាំងពីថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមការងារប្រតិបត្តិតាមតំបន់ទាំង ៥ បង្កើតឡើងដើម្បីចុះត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងសេវា ជាអាទិ៍ ទីតាំងស្ថានីយ និងបង្គោលអង់តែនទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច ទិន្នន័យវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត និងការប្រើប្រាស់ហ្រេ្វកង់ស៍វិទ្យុ។ ក្រុមការងារ ក៏អាចជួយពង្រឹងសមត្ថភាពមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងតំបន់របស់ខ្លួន ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្រុមការងារប្រតិបត្តិតាមតំបន់ចំនួន ៥ រួមមាន៖

  • តំបន់១៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង
  • តំបន់២៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ
  • តំបន់៣៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ
  • តំបន់៤៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ
  • តំបន់៥៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំតំបន់ប្រតិបត្តិទាំង៥ និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ទាំង២៤ តាមរយៈប្រព័ន្ធអនឡាញ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណង ដើម្បីពិភាក្សាពីយន្តការពង្រឹងនិងលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងពិភាក្សាពីសេចក្ដីព្រាងប្រកាសស្ដីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងប្រកាសរួមស្ដីពីការផ្តល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner