ប្រធានមន្ទីរកសិកម្មខេត្តកំពតបញ្ជាក់ថា ការប្រមូលផលផ្លែទុរេននៅឆ្នាំ២០២១ នេះ ទទួលបានកំណើន២៥ភាគរយ (មានវីដេអូ)

ប្រធានមន្ទីរកសិកម្មខេត្តកំពតបញ្ជាក់ថា ការប្រមូលផលផ្លែទុរេននៅឆ្នាំ២០២១នេះ ទទួលបានកំណើន២៥ភាគរយ ខណៈដែលតម្លៃប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅខេត្តកំពត៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធិ បានឲ្យដឹងថា ការប្រមូលផលផ្លែទុរេននៅក្នុងឆ្នាំ២០២១នេះ កើនឡើងជាងឆ្នាំ២០២០កន្លងទៅប្រមាណ២៥ភាគរយ ដោយសារអាកាសធាតុអំណោយផល ។ រីឯតម្លៃវិញ ចន្លោះពី២ម៉ឺនរៀលទៅ២ម៉ឺន៨ពាន់រៀលក្នុង១គីឡូក្រាម ។លោកបន្តថា គិតមកទល់បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះទុរេនសរុប១ពាន់៦០ហិចតា ។ ក្នុងនោះផ្ទៃដីប្រមូលផលទំហំ៨៩៨ហិចតា បរិមាណផលចំនួន១ម៉ឺន៣២៧តោន ។ ទាក់ទងតម្លៃទុរេន លោកបានឲ្យដឹងថា ជាមធ្យមសម្រាប់ប្រភេទមួនថងថ្លៃ២ម៉ឺន៨ពាន់រៀលក្នុង១គីឡូ ឳខាក់ ២ម៉ឺន៤ពាន់រៀលក្នុង១គីឡូ និងប្រភេទសន្តង់កិត២ម៉ឺនរៀលក្នុង១គីឡូ ។ លោកបន្ថែមថា ផលទុរេនខេត្តកំពតនៅតែបន្តលក់ចេញទៅក្រៅខេត្តមិនស្ទះទេ គឺមានម៉ូយឱ្យផ្ញើរទៅបណ្ដាខេត្ត និងរាជធានីតាមធម្មតា ទោះបីក្នុងសម័យជម្ងឺកូវីដ១៩កំពុងរីករាលដាលក៏ដោយ ។សូមជម្រាបផងដែរថា ទុរេនក្រៅពីខេត្តកំពត ក៏មានការដាំដុះច្រើនដែរនៅបណ្តាខេត្តផ្សេងៗទៀត ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង កោះកុង មណ្ឌលគិរី និងខេត្តពោធិ៍សាត់ ។ ប៉ុន្តែចំពោះរសជាតិនៃទុរេនវិញ គឺគ្មានទុរេនខេត្តណាមួយអាចប្រជែងនឹងទុរេនខេត្តកំពតបានទេ ទើបរដ្ឋាភិបាលសម្រេចយកផ្លែទុរេនជានិមិត្តសញ្ញាប្រចាំខេត្តកំពត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner