កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោកមានដុះនៅកម្ពុជា

កេសរកូលព្រះទ្រហឹង ដែលជាកេសរកូលធំជាងគេលើសកលលោក កំពុងរីកស្រស់ស្អាតនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងខេត្តសៀមរាប។ កេសរកូលព្រះទ្រហឹង គឺជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ និងមានដុះនៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលមានរយៈកម្ពស់ចាប់ពី១០០ ទៅ១២០០ម៉ែត្រ។

លក្ខណៈពិសេសរបស់កេសរកូលប្រភេទនេះ គឺអាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាច មានកំពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ មានបណ្តោយស្លឹកប្រវែងដល់ទៅ០,៧៥ម៉ែត្រ។ ទងផ្កាអាចមានប្រវែង២ម៉ែត្រ និងមានផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងអាចមានចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។

បច្ចុប្បន្នព្រះទ្រហឹង កំពុងចេញផ្កាលើកដំបូងនៅក្នុងសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ដែលមានទីតាំងស្របតាមផ្លូវឡើងលើភ្នំគូលែន នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមបញ្ជាក់ថា កេសរកូលមាន ឈ្មោះខ្មែរ ៖ កេសរកូល ព្រះទ្រហឹង ឈ្មោះអង់គ្លេស ៖ Giant Orchid, Tiger Orchid, The Sugar Cane Orchid
ឈ្មោះវិទ្យាសាស្រ្ត៖ Grammatophyllum speciosum ។

ចូលរួមអភិរក្សកេសរកូលព្រៃទាំងអស់គ្នា!

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner