សម្ដេចតេជោ ៖ ថ្ងៃនេះយើងរកឃើញអ្នកចាក់វ៉ាក់សាំងទី ២លាន ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តនូវទឹកប្រាក់ចំនួន ១០លានរៀលទៀត

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃនេះ យើងរកឃើញអ្នកចាក់វ៉ាក់សាំងទី២លាន ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តនូវទឹកប្រាក់ចំនួន១០លានរៀលទៀត ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវដូច្នេះថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលម្ជុលទី១ បានទៅ ហ៊ុន ម៉ាណែត។ ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំង ដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិតា្តទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។

សម្ដេចបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើង ល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេស តម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លង និងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

សម្ដេចតេជោ បានបន្ថែមទៀតថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង ១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះ ដែលថ្ងៃនេះ យើងចាក់បាន២លាននាក់
ស្មើនឹង ២០ភាគរយ រួចទៅហើយ។

សម្ដេច បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ យើងក៍បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញ ដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្ត ទៅតាមលំដាប់អាទិភាព។

សម្ដេចតេជោ ហ៊ុន សែន បានសូមឱ្យបងប្អូន កុំមានការបារម្ភ ព្រោះរាជរដ្ឋាភិបាល នឹងចាក់ជូនគ្រប់ៗគ្នា គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner