ជនសង្ស័យ ២នាក់ ឆក់ខ្សែកមាសបានសម្រេចជិះម៉ូតូរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានឆក់ខ្សែកមាសទម្ងន់៥តម្លឹងបានសម្រេច រួចហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់ក្របួចបានភ្លាមៗ រួចប្រគល់ជូនទៅសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង១១ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពពីស្ត្រីដែលជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះរថយន្តរួមដំណើរជាមួយប្ដីមកផ្សារបឹងព្រលឹត ដើម្បីទិញម្ហូប ខណៈពេលដែលដើរឡើងរថយន្ត មិនទាន់ចូលក្នុងរថយន្តផង ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ពាក់អាវយឺតខោកាប៊ូយជើងខ្លីជិះម៉ូតូមួយគ្រឿងម៉ាក Suzuki smash V ពណ៌ខ្មៅ គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់ខ្សែកប្តីរបស់គាត់បានសម្រេចភ្លាមៗនោះ ប្តីរបស់គាត់បានទាញដៃចង្កូតម៉ូតូជនសង្ស័យនោះដួល ហើយបានប្រតាយប្រតប់គ្នា ប៉ុន្តែជនសង្ស័យបានព្យាយាមរត់ឡើងម៉ូតូរបស់បក្សពួកមួយគ្រឿងទៀតម៉ាក Scopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IR-8475 ភ្លាមនោះប្រជាពលរដ្ឋ ក៏បានជួយដេញចាប់បណ្ដាលឲ្យដួល រួចក៏ស្វាគមន៍យ៉ាងចាស់ដៃ ចំណែកបក្ខពួកម្នាក់ទៀតបានព្យាយាមបើកម៉ូតូរត់គេច រហូតដល់ផ្លូវលេខ១១៣ ត្រូវបានប្រជាពលរដ្ឋក្របួចបានតែម្ដង។ ទើបរាយការណ៍ជូនទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ ត្រូវបានសាកសួរនៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករា ចាត់ការបន្តទៅតាមតនីតិវិធី។ ចំណែកឯ ខ្សែកមិនមានការបាត់បង់ទេ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឲ្យជនរងគ្រោះវិញ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner