លោកជំទាវ ម៉ែន សំអន ប្រគល់អង្គរជាង ៦តោន និងថវិកាចំនួន ២ម៉ឺនដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួល អង្គរចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និងប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។

សូមបញ្ជាក់ថាអំណោយក្នុងថ្ងៃនេះ រួមមាន របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត តាមរយៈ ឯកឧត្តមឧកញ៉ា លី យ៉ូគៀត រួមមាន ៖ អង្ករ ៦,១២៥គ.ក្រ និងថវិការបស់សប្បុរសជនចំនួន ២០,០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដែលទទួលដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា និងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។

នៅក្នុងពិធីប្រគល់នេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា និងសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌ ។ ហើយសាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ។

លោកជំទាវបានបន្តទៀតថាទោះបីឆ្នាំនេះសាខាមិនបានរៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើ ជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀងគរមូលនិធិ និងស្វាគមន៍ចំពោះ ការចូលរួមវិភាគទានថវិកា សម្ភារៈ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកជំទាវផ្ទាល់ ព្រមទាំងលោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធាន កិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្តឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខា ។

ហើយការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមកក៍ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និង ងាយរងគ្រោះមហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលាផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner