សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនមេខ្លោង ២នាក់ និងគ្រឿងញៀនជាង ៧០គីឡូក្រាម

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅពីថ្ងៃ១៦ ខែឧសភា សកន្លងទៅបានបញ្ជាក់ថា បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជាទៅវៀតណាម និងបានចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនជាជនជាតិចិនចំនួន២នាក់ ព្រមទាំងរឹបអូសបានសារធាតុញៀនជាង៧០គីឡូក្រាម នៅទីតាំងមួយ ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការអនុវត្តបទបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសមត្ថកិច្ចក៏បានស្រាវជ្រាវយ៉ាងដិតដល់ ក្រោយពីទទួលបានព័ត៌មាននៃការជួញដូរគ្រឿងញៀនឆ្លងដែននេះមួយរយៈ រហូតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០២នាក់ ៖ ១-ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន និង២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ។ ជាមួយគ្នានោះ សមត្ថកិច្ចជំនាញក៏ចាប់យកវត្ថុតាង រួមមាន ៖ ១- សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ 52 kg 768.50g, ទី២ – ហេរ៉ូអ៊ីន ចំនួន៤៩ដុំ ស្មើនឹងទម្ងន់ 17 kg 292.59g ទី៣- មេតំហ្វេតាមីន(ICE) 11.79 g ដែលសរុបទៅវត្ថុតាងគ្រឿងញៀនដែលរឹបអូសបានសរុប 70 គីឡូ និង 072.88 ក្រាម ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿង រួចបញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្ត ចាត់ការតាមនីតិវិធី ។ជាមួយគ្នានេះផងដែរ សមត្ថកិច្ចនៅបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ ដែលកំពុងរត់គេចខ្លួនផងដែរ។ សូមបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ រៀបចំឡើងដោយមានការបង្ក្រាប និងចាប់បានជនសង្ស័យរត់ពន្ធគ្រឿងញៀន ចំនួន៥នាក់ ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជាង១០គីឡូក្រាម កាលពីថ្ងៃទី៥ ឧសភា នៅខេត្តស្វាយរៀង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner