ប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាក និងប្រឈមដោយសារតែការរាតត្បាតជាសកលពីកូវីដ១៩ ជាង១០០គ្រួសារ បានទទួលអំណោយមនុស្សធម៌សម្ដេចក្រឡាហោម

ក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម នៅតែបន្តចែកអំណោយជាស្បៀងអាហារ ជូនប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាក និងប្រឈមដោយសារតែការរាតត្បាតជាសកល ពីកូវីដ១៩ ជាង១០០គ្រួសារ បន្តទៀត នៅក្នុងក្រុងបាត់ដំបង

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ចំនួន១២១គ្រួសារ ក្នុងសង្កាត់ទាំង៣ នៃក្រុងបាត់ដំបង ក្នុងនោះរួមមាន៖ សង្កាត់ស្វាយប៉ោ, សង្កាត់ស្លាកែត និងសង្កាត់ចម្ការសំរោង ត្រូវបានក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងជាអតីតអភិបាលខេត្តបាត់ដំបង បានដឹកនាំសហការី ដែលជាក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ដើម្បីចុះចែកអំណោយសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងលោកជំទាវបាននាំយកអំណោយរបស់សម្តេច ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅក្នុងសង្កាត់ទាំង៣ខាងលើ សរុបចំនួន១២១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១ការ៉ុង មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវទឺកត្រី១យួរ ទឹកសុទ្ធ៥យួរ ព្រមទាំងម៉ាស់ និងអាល់កុល មួយចំនួន។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងនូវអំណរគុណពីសម្តេចក្រឡាហោម ស ខេង ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែបោះឆ្នោតផ្តល់ការគាំទ្រ ដល់គណបក្សប្រជាជន ទទួលបានជោគជ័យជាបន្តបន្ទាប់ នូវគ្រប់អាណត្តិបោះឆ្នោតកន្លងមក។

សូមបញ្ជាក់ផងដែរថា៖ តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌ក្នុងរយៈពេល២ថ្ងៃ នៃចុងសប្តាហ៍ ពីថ្ងៃទី១៥-១៦ខែឧសភាឆ្នាំ២០២១នេះ ក្រុមការងារ បានចុះចែកអំណោយជូនប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់នានាចំនួន០៥ ក្នុងក្រុងបាត់ដំបង រួមមាន៖ សង្កាត់ទួលតាឯក សង្កាត់អូរចារ សង្កាត់ស្វាយប៉ោ សង្កាត់ស្លាកែត និងសង្កាត់ចម្ការសំរោង មានចំនួនសរុប ២០១គ្រួសារ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់ព្យុះប៉ើងដំបូលខូចខាតផ្ទះសម្បែង ចំនួន០៤គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner