អភិបាលរាជធានី៖ ពលរដ្ឋ កម្មករ កម្មការិនី បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ សូមទងមកមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ នឹងទទួលបានអំណោយភ្លាម

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញប្រកាសថា៖បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់របស់បងប្អូន នោះក្រុមការងារនឹងចែកជូនបងប្អូនភ្លាម ។រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារសម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរសជននានាថែមទៀត។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនាំយក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ
រស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ទៀតថា ៖កន្លងមកអាជ្ញាធររាជធានី ខណ្ឌនិងសង្កាត់ បានយកចិត្តទុកដាក់ណាស់ក្នុងការជួយដោះស្រាយការលំបាករបស់បងប្អូនជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះបងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ។

លោកអភិបាលរាជធានីបានលើកឡើងទៀតថា ៖សម្ដេច តេជោហ៊ុន សែន បានស្វែងរកអ្នកវិនិយោគទុន មកបើករោងចក្រឱ្យកាន់តែច្រើន ធ្វើឱ្យបងប្អូនមានមានការងារធ្វើ មានប្រាក់បៀរវត្សខ្ពស់ មានទាំងម៉ូតូ ឡានជិះថែមទៀត ។ បន្ថែមពីនេះទៀត ក្នុងកាលៈទេសៈនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ សម្ដេចតេជោបានស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋជាបន្តបន្ទាប់ទៀត។ មិនថាតែកូវីដ-១៩ ទេ បងប្អូនដែលរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ ក៏តែងទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែនផងដែរ។

ពេលមានគ្រោះមហន្តរាយកើតឡើង គឺតែងតែមានសម្ដេចតេជោចេញមុខជួយ មិនមែន ធ្វើយូរទៅក្រទៅៗ ដូចក្រុមមួយនោះនិយាយទេ សូមបងប្អូនកុំជឿការឃោសនារបស់ក្រុមមួយនោះឱ្យសោះ ពួកគេគ្មានអ្វីជួយបងប្អូនទេ សូម្បីតែម៉ាសមួយ អង្ករមួយគីឡូក្រាម ចែកជូនបងប្អូនក៏គ្មានដែរ។ ក្នុងពិធីប្រគល់អំណោយនោះដែរ ប្រជាពលរដ្ឋ បានឡើងដៃដប់ អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកយកអំណោយទាំងនេះ មកចែកជូនពួកគាត់នាពេលនេះ ។ ដោយគាត់លើកឡើងថា ៖«យប់មិញខ្ញុំសុបិន្តថា បានទទួល អំណោយ ។ គាត់រំភេីបកេងអត់លក់ ហេីយនៅពេលឃេីញលោកពូ អភិបាលរាជធានីចុះមកផ្ទាល់ គាត់មានអារម្មណ៍ ក្តុកក្តួលក្នុងចិត្ត សូមអរគុណហើយ លោកអ៊ុប្រធានភូមិ និងអភិបាលខណ្ឌទាំងអស់ដែលបានរៀបចំឱ្យពួកគាត់ទទួលបានអំណោយនាពេលនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner