រដ្ឋាភិបាលកម្ពុជាកំណត់យកកំពង់ផែ ជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល (មានវីដេអូ)
ព្រះសីហនុ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក ជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់ របស់កំពង់ផែ ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែក រក្សាកំណើនសេដ្ឋកិច្ចជាតិ ប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាព ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតបានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ មានទីតាំងអំណោយផលឋិតនៅតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ ។បរិមាណទំនិញ ឆ្លងកាត់ឧបករណ៍លើកដាក់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់ ។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំការពង្រីក កំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការ នៃនាវាចេញចូលកំពង់ផែកម្ពុជា ក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើម ដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតប ទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន ។ ជាងនេះទៅទៀត កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ជម្រៅទឹក១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦ម៉ឺនតោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ៕