លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិកនឹងបន្តចូលរួមជាមួយប៉ាឡេស្ទីន អ៊ីស្រាអែល និងដៃគូក្នុងតំបន់ ដើម្បីធ្វើការឆ្ពោះទៅរកភាពស្ថាប់ស្ងាត់ប្រកបដោយចីរភាព (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងបន្តចូលរួមជាមួយប៉ាឡេស្ទីន អ៊ីស្រាអែល និងដៃគូក្នុងតំបន់ផ្សេងទៀត ដើម្បីធ្វើការឆ្ពោះទៅរកភាពស្ងប់ស្ងាត់ប្រកបដោយចីរភាព ។
ការអត្ថាធិប្បាយបែបនេះរបស់លោក បៃដិន ធ្វើឡើងនៅពេលនិយាយពីអំពើហិង្សាដែលកំពុងកើតមានរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងវីដេអូមួយនាថ្ងៃឈប់សម្រាក នៃពិធីបុណ្យសាសនាឥស្លាម អ៊ីដ (Eid) ។ ដោយអង្គុយក្បែរជំទាវទី១ លោក បៃដិន បានអះអាងថា ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏សមនឹងទទួលបានការរស់នៅប្រកបដោយសុវត្ថិភាព និងសន្តិសុខផងដែរ ។
គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំរបស់អ៊ីស្រាអែលនោះ បានពន្យារពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាមួយការបង្ហាញពីចេតនារារាំង ការចេញសេចក្ដីថ្លែងការណ៍រួមរួចស្រេចទៅហើយ ។ រដ្ឋបាលលោក ចូ បៃដិន បាននិយាយថា ខ្លួនកំពុងធ្វើការនៅពីក្រោយឆាក ដើម្បីព្យាយាមបន្ធូរបន្ថយជម្លោះ ហើយថា ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខយូអិន មានតែធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញប៉ុណ្ណោះ ៕ ប្រភព៖ Reuters