ប្រមុខការទូតចិនសម្តែងការសោកស្តាយ ក្រោយសហរដ្ឋអាមេរិកបិទខ្ទប់សេចក្តីថ្លែងការណ៍រួមរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងវិបត្តិនៅតំបន់មជ្ឈឹមបូព៌ា (មានវីដេអូ)
បរទេស៖ ប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញ បានសម្តែងការសោកស្តាយដែលសហរដ្ឋអាមេរិកបិទខ្ទប់សេចក្តីថ្លែងការណ៍រួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលចិនកំពុងជំរុញអោយអន្តរជាតិខិតខំប្រឹងប្រែងបញ្ឈប់ការបង្ហូរឈាមគ្នារវាងភាគីប្រទេសទាំងពីរ ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យម្សិលមិញ បានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីជជែកពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ ជាថ្មីម្តងទៀត អាមេរិកបានជំទាស់មិនឱ្យចេញសេចក្ដីថ្លែងការណ៍លើវិបត្តិនេះឡើយ ដោយសំអាងថា ខ្លួនកំពុងដោះស្រាយជម្លោះទាំងនោះ ។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ថ្លែងថា វាជារឿងគួរឱ្យស្ដាយដែលប្រទេសមួយបង្កឧបសគ្គរារាំងមិនឱ្យក្រុមប្រឹក្សាសន្តិសុខអាចបញ្ចេញសំឡេងតែមួយ… យើងអំពាវនាវឱ្យសហរដ្ឋអាមេរិកមានភាពទទួលខុសត្រូវ ។ លោក វ៉ាង យី ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយផងដែរ និងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការសកម្មភាពយ៉ាងរឹងមាំ ក្នុងនោះរួមមានទាំងការគាំទ្រដំណោះស្រាយរដ្ឋពីរ (two-state solution) ហើយថា ចិននឹងស្វាគមន៍ការទទួលរៀបចំកិច្ចចរចារវាងអ្នកតំណាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងតំបន់ហ្គាហ្សាជាង១ពាន់៥រយកន្លែង ដែលបណ្តាលអោយមនុស្សប្រមាណ១៩៧នាក់បាត់បង់ជីវិត ក្នុងនោះមានកុមារ៥៨នាក់ ខណៈដែលមនុស្ស១.២៣៥នាក់ផ្សេងទៀតទទួលរងរបួស ៕ ប្រភព៖ Reuters