អង្គការ NASA ផ្ញើសារអបអរសាទរ ក្រោយយានបេសកកម្ម Tianwen-1របស់ប្រទេសចិន ចុះចតដោយជោគជ័យនៅលើផ្ទៃភពអង្គារ (មានវីដេអូ)

អាមេរិក៖ មន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា លោក ថូម៉ាស ហ្សឺប៊ូជែន បានផ្ញើសារអបអរសាទរ ក្រោយយានបេសកកម្ម ធានវិន-១ (Tianwen-1) របស់ប្រទេសចិន បានទទួលជោគជ័យក្នុងការចុះចតនៅលើផ្ទៃភពអង្គារ ។
តាមរយៈបណ្តាញសង្គម Twitter លោក ថូម៉ាស ហ្សឺប៊ូជែន បានបង្ហោះសារអបអរសាទរចំពោះក្រុមការងារបេសកម្ម ធានវិន-១ របស់ទីភ្នាក់ងារអវកាសចិន CNSA សម្រាប់ការចុះចតដោយជោគជ័យ នៃយានរ៉ូបូតចល័តដំបូងបំផុតរបស់ប្រទេសចិននៅលើផ្ទៃភពអង្គារ ឈ្មោះថា ជូរ៉ុង (Zhurong) ។ បន្ថែមលើនេះ លោក ថូម៉ាស ហ្សឺប៊ូជែន បានគូសបញ្ជាក់ផងដែរថា អង្គការ ណាសា នឹងទន្ទឹងរង់ចាំការចូលរួមចំណែកយ៉ាងសំខាន់ ដែលបេសកកម្មរបស់ចិននេះសម្រេចបាន ដើម្បីជាប្រយោជន៍ដល់ការយល់ដឹងនៃភពអង្គាររបស់មនុស្សជាតិយើង ។
សូមរំលឹកឡើងវិញថា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ ទីភ្នាក់ងារអវកាសអាមេរិក បានចុះចតយានរ៉ូបូតចល័តថ្មីរបស់ខ្លួន ឈ្មោះថា ភើសឺវារ៉ិន (Perseverance) នៅលើផ្ទៃភពអង្គារ ។ ដោយឡែកសម្រាប់ចិនវិញ វាគឺជាលើកដំបូងបំផុតហើយ ដែលប្រទេសចិនមានយានអាចចុះចតដោយជោគជ័យលើភពផ្សេងទៀតក្រៅពីភពផែនដី ៕ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner