របាយការណ៍មួយទម្លាយថា សហរដ្ឋអាមេរិកបានយល់ព្រមលក់អាវុធអោយអ៊ីស្រាអែលមានតម្លៃ៧៣៥លានដុល្លារ ខណៈស្ថានការណ៍នៅមជ្ឈឹមបូព៌ាកំពុងឡើងកម្តៅ (មានវីដេអូ)
អាមេរិក៖ របាយការណ៍មួយដែលចេញផ្សាយដោយសារព័ត៌មានរ៉យទ័របានអោយដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមលើការលក់អាវុធក្នុងទំហំទឹកប្រាក់ចំនួន៧៣៥លានដុល្លារទៅអោយអ៊ីស្រាអែល ខណៈដែលការប៉ះទង្គិចគ្នាដ៏កក្រើករវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់ប៉ាឡេស្ទីន នៅពុំទាន់មានការថមថយនៅឡើយនោះ ។
ការអនុម័តលក់អាវុធទៅអោយអ៊ីស្រាអែលខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសេតវិមានបានអោយដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងការគាំទ្រ ចំពោះបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា អំឡុងពេលលោកនិយាយទូរសព្ទលើកទី២ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។
បើតាមប្រភពពីកាសែត Washington Post ការសម្រេចចិត្តយល់ព្រមលើការលក់អាវុធនេះធ្វើឡើងយូរមកហើយ ពោលគឺកាលពីថ្ងៃទី៥ ខែឧសភា ប្រហែលមួយសប្តាហ៍ មុនពេលអំពើហិង្សាកាន់តែកើនឡើង ។ យ៉ាងណាមិញ ការសម្រេចចិត្តលក់អាវុធដែលភាគច្រើនជាអាវុធយុទ្ធសាស្រ្តវាយប្រហារដោយផ្ទាល់នេះ បានធ្វើឲ្យមានការប្រឆាំងក្នុងចំណោមសមាជិកមួយចំនួន នៃគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ផងដែរ ៕ ប្រភព៖ Reuters