សហរដ្ឋអាមេរិកជំរុញអោយអ៊ីស្រាអែល-ប៉ាឡេស្ទីនការពារជនស៊ីវិល និងកុមារ ខណៈមេដឹកនាំអ៊ីស្រាអែលថា នឹងបន្តវាយប្រហារដើម្បីសន្តិសុខប្រជាជនខ្លួន (មានវីដេអូ)
អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនខែន នៅថ្ងៃចន្ទនេះ បានជំរុញអោយភាគីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនការពារជីវិតជនស៊ីវិល ជាពិសេសកុមារ ដោយលោកបានអំពាវនាវសាជាថ្មីទៀតអោយមានការបង្កើតបទឈប់បាញ់ជាបន្ទាន់នៅក្នុងអំពើហិង្សារវាងភាគីទាំងពីរនេះ ។
ការអំពាវនាវរបស់ប្រមុខការទូតអាមេរិករូបនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលធ្វើសន្និសិទសារព័ត៌មានមួយពីប្រទេសដាណាម៉ាក និង ស្របពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយថា ខ្លួននឹងបន្តការវាយប្រហារដើម្បីស្តារសន្តិភាព និងសន្តិសុខដល់ប្រជាជនអ៊ីស្រាអែល ។ គិតមកទល់ពេលនេះ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន២១២នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ៦១នាក់ផងដែរ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ស្ទ្រីប ចាប់តាំងពីសប្តាហ៍មុន នេះបើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់មួយនេះ ។
ជាងនេះទៅទៀតនោះ មនុស្សជាង១ម៉ឺន១ពាន់៣០៥នាក់បានរងរបួស ហើយអគាររាប់សិបត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈនៅអ៊ីស្រាអែលវិញ មនុស្ស១០នាក់ក៏ត្រូវបានសម្លាប់ផងដែរ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ស្ទ្រីប ៕ ប្រភព៖ CNA