អភិបាលខេត្តព្រះសីហនុ បញ្ជាទិញសម្ភារៈពិសោធន៍បន្ថែមទៀត ជូនមន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងខេត្ត ខណៈកំពុងមានតម្រូវការ
បន្ទាប់ពីបានដំណើរការសាកល្បងក្នុងដំណាក់កាលដំបូងរបស់ខ្លួន ចាប់តាំងពីបានដំឡើងបរិក្ខាកាលពីកំឡុង ខែមេសា ឆ្នាំ២០២១កន្លងទៅ មន្ទីរពិសោធន៍វេជ្ជសាស្ត្រខេត្តព្រះសីហនុ នៅមិនទាន់បានដំណើរការពេញលេញនៅឡើយទេ។ ដោយសារនៅមានបញ្ហាខ្វះខាតសម្ភារៈសម្រាប់ធ្វើពិសោធន៍ ស្របពេលអ្នកដែលត្រូវយកសំណាកនៅក្នុងខេត្ត មានការកើនឡើងច្រើនជាបន្តបន្ទាប់។ កណីនេះរដ្ឋបាលខេត្តព្រះសីហនុកំពុងស្វះស្វែងដោះស្រាយបញ្ជាទិញមកពីខាងក្រៅផ្តល់ជូនមន្ទីរពិសោធន៍ថ្មីនេះ ដើម្បីមានលទ្ធភាពធ្វើវិភាគរោគជូនពលរដ្ឋដោយមិនចាំបាច់យកទៅភ្នំពេញទៀតឡើយ។
ក្រោយពីបានសាកល្បងបានមួយរយៈកន្លងទៅនេះ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញត្រួតពិនិត្យមើលលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ។ ក្នុងឱកាសនៃការចុះពិនិត្យបរិក្ខាទំាងនេះ ឯកឧត្តម ម៉ម ប៊ុនហេង បានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ ត្រូវយកចិត្តទុកដាក់ក្នុងការវិភាគរកមេរោគកូវីដ-១៩ ពិសេសមេរោគបំលែងថ្មី ដែលមានហានិភ័យខ្ពស់ និងត្រូវតែមានការប្រុងប្រយ័ត្ន កុំធ្វេសប្រហែសនាំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកខ្លួនឯង។
ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ជួរក្រោយ និងក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម មានប្រសាសន៍ថា បច្ចុប្បន្នមន្ទីរពិសោធន៍នៅក្នុងមន្ទីរពេទ្យបង្អែកជួបប្រទះនូវការខ្វះខាតសម្ភារ:ក្នុងការវិភាគរកមេរោគកូវីដ-១៩។ ប៉ុន្តែបញ្ហានេះរដ្ឋបាលខេត្ដបានកំពុងបញ្ជាទិញបន្ថែម ដើម្បីឱ្យមន្ទីរពិសោធន៍នេះដំណើរការដោយរលូន។
ឯកឧត្តមបានបញ្ជាក់ថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះបានបើកដំណើរកាដំបូងដោយមានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិន។ សម្ភារៈពិសោធន៍សម្រាប់វិភាគរកមេរោគកូវីដ១៩ មានតែចំនួន ២.០០០សំណាកតែប៉ុណ្ណោះ។ ខេត្តព្រះសីហនុកន្លងទៅនេះ មានការផ្ទុះនូវជំងឺកូវីដ-១៩ច្រើន រីឯតម្រូវការសម្ភារៈវិភាគជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួនច្រើន។
លោកវេជ្ជបណ្ឌិត ផេង សេច័ន្ទគ្រឹះស្នា អ្នកសម្របសម្រួលរួម នៃមន្ទីរពិសោធន៍ បានឱ្យដឹងថា មន្ទីរពិសោធន៍នេះ មានបុគ្គលិកចំនួន១០នាក់ បំរើសេវាពិសោធន៍ជំងឺទូទៅ និងជំងឺកូវីដ-១៩ផងដែរ។លោក បញ្ជាក់ថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ ប្រសិនបើមានសម្ភារ:គ្រប់គ្រាន់ អាចវិភាគរកមេរោគកូវីដ-១៩ ចន្លោះពី៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ៕ ដោយ៖ ខៀវ សាវ៉ុន