ភ្ញៀវទេសចរជាង១ម៉ឺននាក់ទស្សនាសម្សាន្តខេត្តកំពតនៅសប្តាហ៍កន្លងទៅ

មន្ត្រីជំនាញបានលើកឡើងថា ខេត្តកំពតចាប់ផ្តើមមានភ្ញៀវទេសចរមកទស្សនាជាបណ្តើរៗឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់ភ្ញៀវអស់ជាច្រើនខែ កន្លងមក ដោយសារតំបន់ទេសចរណ៍ និងរមណីយដ្ឋានត្រូវបានបិទផ្អាក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ហើយបើតាមរបាយការណ៍ពីមន្ត្រីជំនាញ ចំនួនភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅសប្តាហ៍កន្លងទៅនេះមានជាង១ម៉ឺននាក់ គឺច្រើនជាងសប្តាហ៍មុន។

បន្ទាប់ពី រមណីយដ្ឋាន និងតំបន់ទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តំនប់នានាក្នុងខេត្តកំពត  ចាប់ផ្តើមមានភ្ញៀវទេសចរមកទស្សនា សម្រាកកម្សាន្តជាបណ្តើរៗ  ពិសេសថ្ងៃចុងសប្តាហ៍មានភ្ញៀវទេសចរច្រើន។ តាមការសង្កេតចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពិសេសភ្ញៀវមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។

ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា តាមរាយការណ៏អំពីសភាពការណ៏ទេសចរណ៏ខេត្តកំពតប្រចាំសប្តាហ៏  គិតពីថ្ងៃទី ១០_១៦ ខែឧសភា ឆ្នាំ ២០២១នេះ  ខេត្តកំពតភ្ញៀវទេសចរសរុបចំនួន ១០.៩៤២នាក់ ក្នុងនោះទេសចរជាតិចំនួន១០.៨២៧នាក់ ទេសចរអន្តរជាតិផ្ទៃក្នុង ចំនួន ១១៥នាក់។ លោកប្រធានបានបន្តថា បើតាមការកត់សំគាល់ភ្ញៀវនៅក្នុងខេត្តមានចំនួនតិចតួច ចំណែកភ្ញៀវទេសចរមកពីខេត្តផ្សេងៗ និងរាជធានី ប្រមាណ ៨០% គឺមានការកើនឡើងជាងសប្តាហ៏មុន។

យ៉ាងណាក៏ដោយទេសចរទាំងអស់ក៏មិនទាន់ភ្លេចជំងឺកូវីដ១៩ឡើយ  បើតាមការសង្កេតរបស់មន្ត្រីជំនាញគេឃើញថា ភ្ញៀវទេសចរភាគច្រើនមានការប្រុងប្រយត្ន័ដោយគិតពីសុវត្ថិភាពជាចំបង់  ពុំមានការប្រមូលផ្តុំគ្នាច្រើនកុះករ ដែលអាចប្រឈម នឹងហានិភយ័ខ្ពស់នៅតាមរមណីយដ្ឋាន សហគមន៏ និងគោលដៅទេសចរណ៏នានានោះទេ។ ម្យ៉ាងទៀត ភ្ញៀវទេសចរ ដើរកម្សាន្តលក្ខណៈជាក្រុមគ្រួសារៗ ហើយព្យាយាមនៅដាច់ដោយឡែកពីអ្នកដទៃ។ 

ទោះយ៉ាងនេះ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា  ជំនាញមិនប្រងើយកន្តើយទេ ដោយមន្ទីរមានក្រុមការងារ ចំនួន៤ក្រុមសហការជាមួយរដ្ឋបាលក្រុងស្រុកនៅតែបន្តចុះណែនាំដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៏តាមរមណីយដ្ឋាន សហគមន៏  និងគោលដៅទេសចរណ៏ និងសេវាកម្មទេសចរណ៏៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner