ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់ទៀត (Video Inside)
ខេត្តស្ទឹងត្រែងបានរកអ្នកឆ្លងកូវីដ១៩ម្នាក់ទៀត ដែលនាំឲ្យខេត្តនេះ មានមនុស្សឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបានកើនដល់៣នាក់ហើយ។ យោងតាមរដ្ឋបាលខេត្ត ថ្ងៃទី១៨ឧសភា អ្នកវិជ្ជមានកូវីដ-១៩ នោះគឺ ជាយុវជនម្នាក់អាយុ១៨ឆ្នាំឈ្មោះ ជាង ស៊ឺ ដែលបានធ្វើដំណើរពីខេត្តកណ្តាលមកកាន់ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១៥ឧសភា។ យុវជនមានវិជ្ជមានកូវីដ១៩នោះ បានធ្វើដំណើរតាមរថយន្តដឹកបន្លែពីស្រុកកោះធំនៃខេត្តកណ្តាល មកកាន់ខេត្តស្ទឹងត្រែង។ បុរសនោះត្រូវគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារចំនួន៥នាក់ដែលមាន វិជ្ជមានកូវីដ១៩ នៅភូមិព្រែកតារត្ន័ ឃុំពោធិ៍បាន ស្រុកកោះធំ នៃខេត្តកណ្ដាល។
រដ្ឋបាលខេត្តបានឲ្យដឹងថាអ្នក ធ្វើដំណើរជាមួយបុរសឆ្លងកូវីដ១៩នោះ មានចំនួន៥នាក់ ដោយម្នាក់បានចុះនៅទីរួមខេត្តក្រចេះ, ២នាក់ទៀត បានចុះនៅទីរួមខេត្តស្ទឹងត្រែង, ចំណែកតៃកុងឡាននិងព្រូម្នាក់ នៅមិនទាន់បានដឹងថាចុះនៅទីណាទេ ដោយ កំពុងតែធ្វើការស្រាវជ្រាវ។
រដ្ឋបាលខេត្តស្ទឹងត្រែងបានស្រាវជ្រាវយកអ្នកពាក់ពន្ធ័នឹងយុវជននោះទៅធ្វើតេស្ដ និងបន្តអំពាវនាវឲ្យអ្នកពាក់ពន្ធ័ដទៃទៀត ប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃ។