លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ

ភ្នំពេញៈលោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈ កម្មាធិការនាយកដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាមអំណាចដីកា លេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលនោះ បានទទួលនូវនីតិសម្បទាឡើងវិញហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

លោក ប៉ុល ហំម និង លោកផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាល ពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។

យោងតាមលិខិតរបស់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា “ខ្ញុំបាទ ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍, ខ្ញុំបាទ ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយកដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤(ឆ)ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ទួនមួយ)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឱ្យអ្នកដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ។ ដូចនេះ ខ្ញុំបាទសូមស្នើសុំសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធីដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ”។

រហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៣រូបដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner