គណៈកម្មការជំនាញនៃរដ្ឋសភាបើកកិច្ចប្រជុំត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២

ភ្នំពេញៈគណៈកម្មការជំនាញនៃរដ្ឋសភាបានបើកកិច្ចប្រជុំដើម្បីពិភាក្សាពីការត្រៀមលក្ខណៈរៀបចំមហាសន្និបាតអន្តរសភាអាស៊ានដែលហៅ កាត់ថា អាយប៉ា (AIPA) លើកទី៤២ នៅខែសីហាខាងមុខនេះ ដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ និងការត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ខាងមុខនេះ។ កិច្ចប្រជុំនេះដឹកនាំ ដោយឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភានិងជាប្រធានក្រុម សភាជាតិ អាយប៉ា-កម្ពុជា នៅថ្ងៃទី២០ ខែឧសភានេះនាវិមានរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសព្រុយណេ គឺជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤២ ហើយនៅខែសីហាខាងមុខនេះ គឺជាមហាសន្និបាតរបស់ អាយប៉ា។ នៅពេលនោះ គឺកម្ពុជាត្រៀមទទួលញញួរ និងទទួលតួនាទីជាម្ចាស់ផ្ទះនៅឆ្នាំ២០២២។ ក្នុងការងារនេះ កម្ពុជាត្រៀមពិធីទទួល និងត្រៀមចូលរួមប្រជុំមហាសន្និបាតអាយប៉ា លើកទី៤២ នៅខែសីហាខាងមុខនេះ។

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថាអាយប៉ា(AIPA)ជាអង្គការអន្តរសភាតំណាងស្ថាប័ននីតិប្បញ្ញត្តិនៃ បណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ អន្តរសភាអាស៊ានជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុង សហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរ សភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner